សម្តេចធិបតីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្ងៃទី១៦នេះ (Video Inside)

https://youtu.be/1auwaey4Mkg

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការវេលាថ្ងៃទី១៦វិច្ឆិកានេះហើយ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមមុននេះបញ្ជាក់ថា «កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម»។

សម្តេចធិបតីបានសរសេរទៀតថា «ការណ៍នេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា ផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាព្រលានយន្តហោះ ដែលអាចទទួលចុះចត នូវយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 និងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេលវែង។

ads banner