មនុស្ស៤នាក់ចេញសារភាពពាក់ព័ន្ធការបាញ់បោះសេរីលើកំពូលភ្នំគិរីរម្យ (Video Inside)

អំពើបាញ់បោះអនាធិបតេយ្យមួយ ដែលមានការចោទប្រកាន់ដាក់លើឧត្តមសេនីយ៍ទោនគរបាលម្នាក់ បានប្រញាប់ឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការស្រាវជ្រាវស្វែងរកការពិត ដើម្បីការដាក់ទោសតាមច្បាប់។

អំពើបាញ់បោះ គឺជាអំពើខុសច្បាប់ ជាពិសេសការបាញ់លេងសើចណា ប្រព្រឹត្តដោយមន្ត្រីរាជការ ដែលដឹងច្បាប់ហើយ ប៉ុន្តែបែរជាអនុវត្តដោយបំពានច្បាប់ទៅវិញ។

ផ្ទះលំហែមួយស្ថិតនៅលើភ្នំគិរីរម្យ ត្រូវបានពលរដ្ឋនិយាយថា មានហេតុការណ៍បាញ់រះអនាធិបតេយ្យ នាវេលាយប់ថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពិធីខួបកំណើតមួយ ស្ថិតនៅលើខ្នងភ្នំគិរីរម្យ ក្នុងភូមិថ្មី, ឃុំចំបក់, ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍មុននេះ បានចោទប្រកាន់ដាក់លើឧត្តមសេនីយ៍ទោ គៀង ចាន់តូ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្តែក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ទោរូបនោះ បានបដិសេធការមិនជាប់ពាក់ព័ន្ធឡើយ។

ផ្ទះលំហែដែលមានការបាញ់បោះសេរីក្នុងព្រឹត្តិការណ៍ជួបជុំគ្នាសប្បាយវេលាយប់ថ្ងៃទី១១វិច្ឆិកានោះ គឺជាអតីតផ្ទះរបស់លោកឧត្តមសេនីយ៍ទោស គៀង ចាន់តូ…និងផ្ទះនោះត្រូវបានលក់ទៅឱ្យមនុស្សម្នាក់ឈ្មោះ កង ឆាយ អាយុ២៨ឆ្នាំ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលម្នាក់ឋានៈ អនុសេនីយ៍ទោ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងថា ម្ចាស់ផ្ទះឈ្មោះ កង ឆាយ នោះបានរត់គេចខ្លួនបាត់ទៅហើយ។ លោក សម សាមួន បានបញ្ជាក់ថា មានមនុស្ស៤នាក់ជាមួយនឹងកាំភ្លើងខ្លីចំនួនបីដើម បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការទទួលត្រូវលើការបាញ់រះអនាធិបតេយ្យនោះ។ ក្នុងចំណោមមនុស្សទាំង៤នាក់នោះ មិនមានឈ្មោះ កង ឆាយ ឡើយ និងកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបុរសម្ចាស់ផ្ទះម្នាក់នោះ ដើម្បីឃាត់ខ្លួន។

មនុស្សទាំង៤ ដែល បានមកសារភាពនោះ បាននិយាយថាពួកគេបានបាញ់ប្រមាណតែជិត ៣០គ្រាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងទីកន្លែងកើតហេតុនោះ គេបានរកឃើញមានសំបកគ្រាប់ច្រើន ដល់២០០គ្រាប់ ក្នុងនោះរួមមានសំបកគ្រាប់ នៃកាំភ្លើងខ្លី និងកាំភ្លើងវែងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នៅថ្ងៃទី១៥វិច្ឆិកានេះថា អ្នកដែលប្រព្រឹត្តខុសច្បាប់ទាំងបួនត្រូវធ្វើការដាក់ទោសទៅតាមច្បាប់ និងត្រូវបណ្តេញចេញពីអង្គភាព។

ads banner