១០ខែ ឆ្នាំនេះ កម្ពុជា មានជើងហោះហើរជាង ៤១ពាន់ជើង កើនឡើងចំនួន ៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន
សៀមរាប៖ គិតត្រឹមរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាស នៅព្រះរាជាណាចក្រកម្ពុជា មានជាង ៤១ពាន់ជើង (៤១,៥៩៦ជើង) កើនឡើងចំនួន ៩៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់ (៤.១១២.១៧៧ លាននាក់) ដែលមានការកើនឡើងចំនួន១៤៤% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។
នេះជាការថ្លែងរបស់ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិបត្តិការ ហោះហើរដឹកជញ្ជូន អ្នកដំណើរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ជាមធ្យម មានជើងហោះហើរចំនួន ៩១០ជើង ក្នុងមួយសប្តាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី និងមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកចំនួន ៣២ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ មានចិន កូរ៉េខាងត្បូង តំបន់រដ្ឋាភិបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ ។
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្ថែមថា ជារួម យើងអាចសន្មតបានថា វិស័យ ឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញជាង ៥៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិ ជំងឺកូវីដ-១៩ ៕ដោយ ៖ វណ្ណលុក