អូស្ត្រាលី ប្ដេជ្ញាគាំទ្រ និងផ្ដល់បទពិសោធន៍ដល់កម្ពុជាបញ្ចូលបណ្ដាញ ថាមពលកកើតឡើងវិញសម្រេចតាមគោលដៅ

(ភ្នំពេញ)៖ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំ នៅ កម្ពុជា បានបង្ហាញនូវការគាំទ្រ និងចែករំលែកនូវបទពិសោធន៍ដល់ ប្រទេស កម្ពុជា ក្នុងការរួមបញ្ចូលនូវបណ្ដាញថាមពលកកើតឡើងវិញ ឲ្យសម្រេចតាមគោលដៅ ដែលបានរំពឹងទុក ។

ក្នុងពិធីសម្ពោធសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានលើកឡើងថា អន្តរកាលថាមពលស្អាតកម្ពុជា គឺជាឱកាសមួយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព ហើយអូស្ត្រាលីបានប្ដេជ្ញាគាំទ្រនូវការផ្លាស់ប្តូរនេះ ។

ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន (CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត លើការរួមបញ្ចូលថាមពល កកើត ឡើង វិញ ហើយក៏កំពុងអនុវត្តគម្រោង ដែលជួយឲ្យប្រជាជន នៅតំបន់ជនបទដាច់ស្រយាលមានលទ្ធភាពភ្ជាប់ទៅប្រព័ន្ធថាមពលសូឡា ដែលមិនភ្ជាប់នឹងបណ្ដាញអគ្គិសនីរដ្ឋ និងគាំទ្រប្រសិទ្ធភាព ថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្ដល់សេវាកម្មថាមពល ។

លោក Allen លេខាទី១ ផ្នែកអភិវឌ្ឍន៍ របស់ឯកអគ្គរដ្ឋទូត នូវែលសេឡង់ ប្រចាំកម្ពុជា ថៃ និងឡាវ បានលើកឡើងថា នូវែលសេឡង់ ស្វាគមន៍នូវការជួយដល់កម្ពុជា ក្នុងការ ដំណើរការអន្តរកាលថាមពលស្អាតនាពេលអនាគត ហើយ ព្រឹត្តិការណ៍សប្ដាហ៍ថាមពលស្អាត នឹងផ្ដល់ឱកាស ដើម្បីបណ្ដុះ ការផ្លាស់ប្តូរវិជ្ជមាន និងចែករំលែកដំណោះស្រាយ ប្រកប ដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាបន្ទាប់បំផុត ដែលពិភពលោកកំពុងប្រឈមមុខ នាពេលបច្ចុប្បន្ន ។

លោក ណត្តារុណ ង៉ោសឺន នាយកប្រចាំប្រទេសរបស់អង្គការ អេននឺជីឡេប បានឲ្យដឹងថា គម្រោងសប្ដាហ៍ថាមពលស្អាត ឆ្នាំ២០២៣ នឹងគាំទ្រដល់គោលដៅមួយ របស់ក្រសួងរ៉ែ និងថាមពល ក្នុងការបង្កើនថាមពលកកើតឡើងវិញអថេរ (VRE) និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា ។

គួរបញ្ជាក់ថា សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៣ ត្រូវបានបង្កើតឡើង ដោយ អង្គការអេននឺជីឡេប ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការ ជាមួយ នឹងសហស្ថាបនិក រួមមានរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner