ជប៉ុន និងចិនប្ដេជ្ញាធ្វើការចរចាពាណិជ្ជកម្មជាប្រចាំ
អាមេរិក៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន និងចិនបានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយដើម្បីពិភាក្សាអំពីការគ្រប់គ្រងការនាំចេញ។ ការព្រមព្រៀងនេះគឺជាជំហានមួយដែលជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បន្ទាប់ពីទំនាក់ទំនងរវាងភាគីទាំងពីរបានជួបនឹងភាពតានតឹងអស់មួយរយៈពេលកន្លងមកនេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura)សង្ឃឹមថា កិច្ចពិភាក្សាទាំងនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាពឡើងវិញ។
លោក នីស៊ីមូរ៉ា បានលើកឡើងបន្ទាប់ពីជួបជាមួយសមភាគី លោក វ៉ាង វ៉ឹនតៅ (Wang Wentao) នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ថា «យើងនឹងមានការពិភាក្សាយ៉ាងលម្អិតជាមួយក្រុមមន្ត្រីចិន ដើម្បីបង្កើតទំនាក់ទំនងជាវិជ្ជមាន និងស្ថិរភាពរវាងប្រទេសទាំងពីរ»។
មន្ត្រីទទួលបន្ទុកលើការត្រួតពិនិត្យការនាំចេញ ជាពិសេសនៅកម្រិតអគ្គនាយក និងប្រធានផ្នែកផ្សេងៗ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ ។នេះបើយោងតាមកាសែតជប៉ុនមួយឈ្មោះថា យ៉ូមីអ៊ូរី (Yomiuri)។ គួររំឭកថា ប្រទេសចិនបានរឹតបន្តឹងលើការនាំចេញវត្ថុធាតុមួយចំនួនដូចជាហ្គាលីយ៉ូម ដែលមានសារៈសំខាន់សម្រាប់ផលិតបន្ទះសៀគ្វី ហើយចិនក៏ទំនងជានឹងរឹតបន្តឹងលើការនាំចេញសារធាតុក្រាហ្វ៊ីត ដែលប្រើប្រាស់ដើម្បីផលិតថ្មអាគុយ ចាប់ពីខែធ្នូខាងមុខនេះទៀតផង។
ការពិភាក្សានេះមានគោលបំណងបញ្ឈប់ការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម កុំឱ្យកាន់តែអាក្រក់ទៅៗជាមួយប្រទេសចិន នេះបើយោងតាមកាសែតយ៉ូមីអ៊ូរី។ មុនពេលទៅចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា «មិនមានផែនការច្បាស់លាស់សម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) នៅពេលទៅដល់សហរដ្ឋអាមេរិកនោះទេ»។
លោក គីស៊ីដា បាននិយាយថា «ជំហរសំខាន់របស់យើងនៅតែដដែល ពោលគឺភាគីទាំងពីរត្រូវតែខិតខំប្រឹងប្រែងដើម្បីរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព និងប្រកបដោយស្ថាបនានៅក្នុងតំបន់»។ លោកបានបន្តថា «យើងចង់បន្តទំនាក់ទំនងជាមួយប្រទេសចិនក្នុងទម្រង់ផ្សេងៗ»។ គួរដឹងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទំនាក់ទំនងរបស់ចិន និងជប៉ុនបានជួបនឹងភាពចម្រូងចម្រាស ប៉ុន្តែក៏មិនមែនជារឿងចម្លែកទេរវាងប្រទេសទាំងពីរនេះ។
ជប៉ុនបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដោយសារតែការចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា (Fukushima) ដែលរងការខូចខាត ចូលទៅក្នុងសមុទ្រកាលពីខែសីហាកន្លងទៅ។ ដោយឡែក កាលពីខែមុន ប្រទេសចិនបានចាប់ខ្លួននាយកប្រតិបត្តិជនជាតិជប៉ុនម្នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនមួយឈ្មោះថា Astellas Pharma ដោយសង្ស័យថាគាត់បានធ្វើចារកម្ម។ ការចាប់ខ្លួននេះបានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់កាន់តែមានភាពតានតឹង នេះបើយោងតាមការលើកឡើងរបស់ក្រុមមន្ត្រីជប៉ុន៕ ប្រែសម្រួល៖ ធា សុណា