ដូណាល់ ត្រាំ កំពុងប្រឈមមុខការចោទប្រកាន់ច្រើន ប៉ុន្តែមានបណ្ដឹងមួយដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធ្ងន់ធ្ងរ
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីដែលមានសំណុំរឿងតុលាការជាប់ខ្លួនច្រើនជាងគេមិនធ្លាប់មានក្នុងចំណោមប្រធានាធិបតីអាមេរិកទាំងអស់។សំណុំរឿងទាំងអស់នោះរួមមានសំណុំរឿងព្រហ្មទណ្ឌជាច្រើននៅតាមបណ្ដារដ្ឋមួយចំនួន ករណីក្លែងបន្លំរដ្ឋប្បវេណី បណ្តឹងបរិហារកេរ្តិ៍ និងការផាកពិន័យចំពោះការបំពានលើការបង្គាប់បញ្ជាជាដើម។
បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងឆ្ងល់ថា តើករណីទាំងនេះនឹងអាចរារាំងលោក ត្រាំ ពីការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយឬក៏យ៉ាងណា។ យ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់លោក ត្រាំ ហាក់មិនងាយផ្លាស់ប្តូរគោលជំហរគាំទ្ររបស់ពួកគេនោះទេ ហើយលោក ត្រាំ គឺពូកែខ្លាំងណាស់ខាងបង្វែរស្ថានការណ៍មិនល្អឱ្យដំណើរការទៅមុខបានយ៉ាងរលូនសម្រាប់គាត់។ ប៉ុន្តែសំណុំរឿងខ្លះនៃករណីទាំងអស់នោះអាចនឹងធ្វើឱ្យគាត់ ពិបាកក្នុងការដោះស្រាយខ្លាំង។
ករណីដែលធ្ងន់ធ្ងរបំផុត គឺលោក ត្រាំ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងនៅរដ្ឋហ្វ្លរីដា (Florida) ជុំវិញករណីធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់ជាតិអាមេរិក។ សំណុំរឿងមួយនេះមានបទចោទធ្ងន់ធ្ងរចំនួន ៤០ បណ្ដឹងដែលពាក្យបណ្ដឹងមួយក្នុងចំណោម ៤០ នោះមានស្ថានទម្ងន់ទោសជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ។
ជុំវិញករណីនេះ លោក ត្រាំ បានអះអាងថា លោកបានដកឯកសារទាំងនោះចេញ បន្ទាប់ពីបានដឹងថាខ្លួនបានធ្វើឱ្យបែកធ្លាយការសម្ងាត់ ប៉ុន្តែមានកំណត់ត្រាសំឡេងមួយបានបង្ហាញថា លោកមិនបានដកឯកសារនោះចេញនោះទេ ដែលនេះវាផ្ទុយពីការអះអាងរបស់គាត់។
យ៉ាងណាមិញ ករណីនេះប្រហែលជាមិនមែនជាទីបញ្ចប់នៃក្តីសង្ឃឹមនៅលើឆាកនយោបាយរបស់លោក ត្រាំ នោះទេ ព្រោះការកាត់ក្តីត្រូវបានត្រួតពិនិត្យដោយចៅក្រមដែលលោកធ្លាប់ជាអ្នកតែងតាំងផ្ទាល់ ដោយមានគណៈវិនិច្ឆ័យដែលគាំទ្រគាត់យ៉ាងច្រើន។ ប្រសិនបើការកាត់ក្តីត្រូវបានពន្យាររហូតដល់ក្រោយការបោះឆ្នោត ហើយក្នុងករណីលោកឈ្នះឆ្នោត នោះលោកអាចនឹងប្រាប់អ្នកច្បាប់ឱ្យផ្អាកសំណុំរឿងនេះ រហូតដល់គាត់ផុតអាណត្តិជាប្រធានាធិបតី។
ករណីមួយទៀតដែលពាក់ព័ន្ធនឹងការទូទាត់ប្រាក់របស់លោក ត្រាំ ទៅកាន់លោកស្រី ស្តូមី ដានីញ៉េល (Stormy Daniels) ដែលជាតារាសម្ដែងរឿងមួយរូប ប្រហែលជាមិនមានអ្វីប៉ះពាល់ខ្លាំងនោះទេ។ បណ្ដឹងនេះត្រូវបានគេចោទជាសំណួរថា តើវាជាការភូតកុហក ដើម្បីជាមធ្យោបាយលាក់បាំង និងរារាំងលោក ត្រាំ ពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅថ្ងៃបោះឆ្នោតខាងមុខឬក៏យ៉ាងណា។
បណ្ដឹងដែលធ្ងន់ធ្ងរមួយទៀតរបស់លោក ត្រាំ គឺពាក់ព័ន្ធនឹងបទចោទពីការញុះញង់ឱ្យមានភាពរញ៉េរញ៉ៃ បង្កឱ្យមានកុបកម្មនៅវិមានកាពីតូល។ យោងតាមពាក្យបណ្ដឹង លោក ត្រាំ បានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកទាំងមូល ដូច្នេះហើយករណីនេះគឺធ្ងន់ធ្ងរជាងករណីឯកសារសម្ងាត់ទៅទៀត។ លើសពីនេះទៀត ការកាត់ក្តីជុំវិញករណីនេះនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ ខាងមុខ ហើយជាសវនាការដែលពោរពេញទៅដោយគណៈវិនិច្ឆយមកពីគណបក្សប្រជាធិបតេយ្យ ដូច្នេះសំណុំរឿងនេះអាចនឹងធ្វើឱ្យពិបាកសម្រាប់គាត់ក្នុងការដែលអាចរើខ្លួនរួច។
បណ្ដឹងមួយទៀតដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកការបោះឆ្នោតនៅរដ្ឋហ្សកហ្ស៊ី (Georgia) មើលទៅហាក់ដូចជាមិនជាបញ្ហាធំដុំនោះទេ ប៉ុន្តែបើយើងពិនិត្យមើលឱ្យបានច្បាស់ ក្នុងចំណោមករណីទាំងអស់ ករណីនេះអាចបង្កបញ្ហាកាន់តែច្រើនសម្រាប់លោក ត្រាំ ព្រោះវាជាសំណុំរឿងដែលស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការរដ្ឋ មិនមែនតុលាការសហព័ន្ធនោះទេ ដូច្នេះប្រធានាធិបតីគឺគ្មានអំណាច និងឥទ្ធិពលអ្វីទាំងអស់ទៅលើការកាត់ក្ដីរបស់ចៅក្រម។
កន្លងមក លោក ត្រាំ បានប្រឈមមុខនឹងបណ្ដឹងជាច្រើន ប៉ុន្តែប្រជាប្រិយភាពរបស់គាត់មិនបានធ្លាក់ចុះនោះទេ។ សូម្បីតែនៅពេលចៅក្រមបានកាត់ក្ដីគាត់ថាមានទោសពីបទរំលោភសេពសន្ថវៈ ក៏ចំនួនអ្នកគាំទ្រគាត់មិនធ្លាក់ចុះដែរ។ ដូច្នេះ ការចោទប្រកាន់ពីបទក្បត់ជាតិប្រហែលជាមិនមានការផ្លាស់ប្តូរទឹកចិត្តរបស់អ្នកគាំទ្រច្រើននោះទេ។
ការកាត់ក្តីនៅទីក្រុងញូវយ៉កក្នុងសំណុំរឿងនេះ ដែលដឹកនាំដោយអគ្គមេធាវី លោកស្រី ឡេទីធៀ ចេមស៍ (Letitia James) គឺជាការគំរាមកំហែងដ៏ធំមួយទៀតចំពោះកេរ្តិ៍ឈ្មោះរបស់លោក ត្រាំ។ បើទោះបីជាសេចក្ដីសម្រេចរបស់តុលាការប្រហែលជាមិនដល់ថ្នាក់ដាក់ពន្ធនាគារ ប៉ុន្តែក៏ប៉ះពាល់ដោយផ្ទាល់ដល់ការឈរឈ្មោះជាប្រធានាធិបតី ជាពិសេសវានឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោកដែលជាអ្នកជំនួញដ៏ជោគជ័យម្នាក់។ លទ្ធផលនៃបណ្តឹងនេះ ក៏អាចនឹងត្រូវដកសិទ្ធិរបស់លោកក្នុងការបើកអាជីវកម្មនៅទីក្រុងញូវយ៉កនៅពេលអនាគតផងដែរ៕ ប្រែសម្រួល៖ ធា សុណា