លោក ហ្សេលេនស្គី៖ ជំនួបកំពូលរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ជារឿងល្អសម្រាប់អ៊ុយក្រែន

កៀវ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងសុទិដ្ឋិនិយម អំពីកិច្ចប្រជុំកំពូលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីងន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវ ថា យើងយល់ថា កិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី គឺជារឿងល្អសម្រាប់យើង បន្ទាប់ពីមេដឹកនាំអាមេរិក និងចិនបានពិភាក្សាគ្នានៅរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលពួកលោកបានយល់ព្រមស្តារទំនាក់ទំនងយោធាឡើងវិញ។

យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនអាចបញ្ជាក់បានទេ ថាតើលោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ុយក្រែនដែរឬអត់។ ចិនបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការទូត និងយោធាជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានដឹកនាំប្រទេសលោកខាងលិចគាំទ្រអ៊ុយក្រែននៅលើសមរភូមិ ដោយផ្តល់នូវកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាជាច្រើន។

ទោះបីជាយ៉ាណា ជំនួយការជិតស្និទ្ធរបស់លោក ហ្សេលេនស្គី គឺលោក មីខែលឡូ ប៉ូដូលីយ៉ាក នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងសុទិដ្ឋិនិយមលើកិច្ចប្រជុំកំពូល លោក ស៊ី និងលោក បៃដិន។ លោក ប៉ូដូលីយ៉ាក បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កិច្ចប្រជុំនេះ គឺជាសញ្ញាដ៏អស្ចារ្យមួយដល់ពិភពលោក, ការសន្ទនាជំនួសឱ្យការប្រឈមមុខគ្នា, សណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ហើយច្បាប់ គឺជារឿងសំខាន់ដែលនាំឱ្យមានស្ថិរភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner