ឯកឧត្តម ហេង សួរ ជំរុញឱ្យ Euro Cham Cambodia ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមក កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(Euro Cham Cambodia) ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុប ដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា ។ ការថ្លែងដូចនេះរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង ពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃការវិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប។
លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានគាំទ្រ ហើយថាវាជាតួនាទីចម្បងរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាងដែលជាចំណុចគន្លឹះនៃការបង្កើនផលិតភាពការងារខ្ពស់ដែលអ្នកវិនិយោគចង់បាន។
ភាគីទាំងពីរ មានសុទ្ធិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហការបន្តបន្ទាប់ទៀតដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀតក្នុងគោលបំណងធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ការវិនិយោគ ៕
ដោយ ង៉ាន់ ទិត្យ




