នាយករដ្ឋមន្រ្តី៖ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាជាមួយនឹងគម្រោងកាបូបឌីជីថលបានទេ

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកាថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីអនុវត្តគោលនយោបាយកាបូបឌីជីថល (Digital Wallet) ប៉ុន្តែលោកបានសារភាពថា លោកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាជាមួយនឹងគោលនយោបាយនេះបានទេ។

លោក ស្រេតថា ដែលបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានផ្ដល់ការអត្ថាធិប្បាយលើការរិះគន់មួយចំនួនដែលបានលើកឡើងថា គម្រោងកាបូបឌីជីថលនេះនឹងខុសពីអ្វីដែលគណបក្សភឿថៃបានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។

ផែនការអំពីកាបូបឌីជីថលនេះ គឺជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្សភឿថៃ ពោលគឺជាការសន្យាផ្តល់ប្រាក់ចំនួនមួយម៉ឺនបាតដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុលើសពី ១៦ ឆ្នាំ ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។

ទន្ទឹមនេះបន្ទាប់ពីប្រឈមមុខនឹងការរិះគន់ រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃ បានសម្រេចកាត់បន្ថយចំនួនមនុស្សដែលមានសិទ្ធិទទួលបានប្រាក់ពីគម្រោងកាបូបឌីជីថលពី ៥៦ លាននាក់មកនៅត្រឹម ៥០ លាននាក់ ដោយពួកគេបានកំណត់លក្ខខណ្ឌថា អ្នកដែលអាចទទួលបានប្រាក់ពីកាបូបឌីជីថល ត្រូវតែជាអ្នកដែលមានប្រាក់ខែតិចជាង ៧ ម៉ឺនបាតក្នុងមួយខែ ឬមានប្រាក់សន្សំក្នុងធនាគារក្រោម ៥០ម៉ឺនបាត។

លោក សេរីថា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនស្តាប់មតិសាធារណៈ ហើយនៅតែបន្តអនុវត្តតាមការសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត នោះពួកគេក៏នឹងប្រឈមមុខជាមួយការរិះគន់ដូចគ្នា។ លោកបានមានប្រសាសន៍ថា «យើងកំពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពហើយ។ យើង​ត្រូវ​កែ​លម្អ និង​សម្រប​តាម​គ្រោងការណ៍​ឱ្យ​ស្រប​តាម​សំណើ​ពី​គ្រប់​វិស័យ»។ លោកបានបន្ថែមថា «ប៉ុន្តែដោយការព្យាយាមស្តាប់មតិទាំងអស់ យើងដឹងថាយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ»។

លោក ស្រេតថា បាន​ប្រកាស​ថា ការ​ចែក​ចាយថវិកាតាម​ឌីជីថលនេះ ​គួរតែអាច​ចាប់​ផ្តើមបាន​នៅ​ខែ​ឧសភា ឆ្នាំ២០២៤ ខាងមុខ ប៉ុន្តែ​លោក​និយាយ​ថា ​លោក​ត្រូវ​រង់​ចាំ​ក្រុមប្រឹក្សា​រដ្ឋ​ដើម្បី​សិក្សា​ពី​ផែនការ​នេះ​ មុន​នឹង​លោក​អាច​បញ្ជាក់​ថា ​តើ​ការ​ចែក​ចាយ​ថវិកានេះនឹង​អាចចាប់​ផ្តើម​តាម​ការ​កំណត់​ដែរឬ​ក៏យ៉ាងណា។

លោក​បាន​លើក​ឡើង​ថា​ លោកមិន​បាន​ជំរុញ​ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាល​ឱ្យ​ប្រញាប់​ប្រញាល់​លើរឿងនេះឡើយ។ លោកបានបញ្ជាក់ថា ពេលវេលា​របស់​គម្រោងមួយនេះគឺ​មិនមានបញ្ហាអ្វីនោះទេ។ រដ្ឋាភិបាលថៃត្រូវសម្រេចអនុម័តច្បាប់ដើម្បីស្នើកម្ចីចំនួន ៥០០ ប៊ីលានបាតសម្រាប់អនុវត្តផែនការនេះ ក្នុងគោលបំណងឱ្យមានតម្លាភាព និងការត្រួតពិនិត្យដោយសភាច្បាស់លាស់។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុធិន ចាន់វីរ៉ាគុល (Anutin Charnvirakul) បានរំលេចថា គណបក្សភូមិចៃថៃ (Bhumjaithai Party) របស់លោក នឹងគាំទ្រច្បាប់កម្ចីប្រាក់មួយនេះ ដោយសារតែផែនការកាបូបឌីជីថលឥឡូវនេះ ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលចម្រុះ។ លោក​បាន​បន្ថែម​ថា គណបក្ស​របស់​លោក​នឹង​ប្រឆាំង​ជាមួយ​ច្បាប់​នេះ ​លុះត្រា​តែ​ច្បាប់​នេះ​បង្កើតឡើងដោយខុស​ច្បាប់ ឬ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

កាលពីថ្ងៃព្រហស្បតិ៍ ឧបនាយករដ្ឋមន្ត្រី លោក ផាឆារ៉ាវ៉ាត វង្សស៊ូវ៉ាន់ (Patcharawat Wongsuwan) បាននិយាយថា លោកចាំបាច់ត្រូវជជែកពិភាក្សាជាមួយមេដឹកនាំគណបក្សផាឡាំងប្រាឆារ៉ាត់ (Palang Pracharath) គឺឧត្តមសេនីយ៍ ប្រាវិត វង្សស៊ូវ៉ាន់ (Prawit Wongsuwan) ជាមុនសិន មុនពេលដែលលោកអាចផ្ដល់ការអត្ថាធិប្បាយអំពីគោលជំហររបស់បក្ស ទៅលើច្បាប់កម្ចីប្រាក់ចំនួន ៥០០ ប៊ីលានបាតនេះ៕

ប្រែសម្រួល៖ ធា សុណា

ប្រភពព័ត៌មាន៖ The Nation

Srettha admits he can’t please everyone with digital wallet scheme

https://www.nationthailand.com/thailand/politics/40032916

ads banner