សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញទឡ្ហីករណ៍ ៣ចំណុច ឆ្លុះបញ្ចាំង ឱ្យឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះព្រះពុទ្ធសាសនា

(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីទឡ្ហីករណ៍ចំនួន ៣ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា ដែលក្នុងនោះ៖

ទឡ្ហីករណ៍ទី១- គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតីកាលទី៧ ដែលបានផ្តោតសំខាន់ទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទឡ្ហីករណ៍ទី២- ការចូលរួមកុះកររបស់ប្រជាជនកម្ពុជាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត គឺជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរព និងជំនឿសាសនាយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា បើទោះជាគ្រប់សាសនាទាំងអស់ត្រូវបានលុបបំបាត់ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ។ ទឡ្ហីករណ៍ទី៣- ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែសិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។

សម្តេចធិបតី បានបន្តថា កិច្ចការដ៏សំខាន់នេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមដ៏ចម្បងពីសំណាក់ការអប់រំទូន្មានតាមបែបសាសនា ជាពិសេសការជំរុញការរស់នៅតាមពុទ្ធឱវាទនៃព្រះពុទ្ធសាសនា ដែលតែងតែប្រោសសត្វលោកអោយរស់ និងប្រកបដោយភាពថ្លៃថ្នូ និងសុខដុមរមនារវាងគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍន៍ និងកាន់តែទំនើប ការលើកម្ពស់វិធាននៃការរស់នៅ ស្របតាមសាសនា គឺពិតជាសំខាន់ និងចាំបាច់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner