សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់សាសនាទំាងអស់ សុទ្ធតែមាន គោល បំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក
(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ ខ្ពស់ គណៈមហានិកាយ នៃ កម្ពុជា ចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សាសនាទាំងអស់ បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសល សាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍ ។

សម្តេចធិបតី បានបន្តថា បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំនោះឡើយ ។ ជាមួយគ្នានោះដែរ សម្តេច ក៏បានបញ្ជាក់ដែរថា គ្រប់សាសនាទំាងអស់ សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងបរិបទសង្គមកម្ពុជា ដែលកាន់តែអភិវឌ្ឍ កាន់តែទំនើប ការលើកកម្ពស់វិធានរស់នៅស្របតាមដំបូន្មានសាសនា គឺពិតជាសំខាន់ និងចាំបាច់ណាស់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណតម្លៃ នៃការទូន្មានរបស់ព្រះតេជគុណគ្រប់ព្រះអង្គ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ។ ដើម្បីសម្រេចវត្ថុបំណងនេះបាន គឺតម្រូវឱ្យគ្រប់សាសនាទាំងអស់ ទាំងសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រីស្ទ និងសាសនាដទៃទៀត មានគោលបំណងដូចៗគ្នា គឺការអប់រំមនុស្សឱ្យប្រតិបត្តិ ឱ្យមានផ្នត់គំនិត ស្មារតី និងសុចរិតភាព ប្រព្រឹត្តតែអំពើល្អ ចេះគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានរស់នៅប្រកបដោយសីលធម៌ គុណធម៌ ការគោរពគ្នា និងសុខដុមរមនា ៕






អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ