រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ប្តេជ្ញាចិត្តប្រកាសប្រឆាំងដាច់ខាត នយោបាយជ្រុលនិយម ដែលធ្វើឲ្យបាត់បង់សន្តិភាព
(ភ្នំពេញ)៖ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុ ជាចំនួន ១១អង្គ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ដើម្បីរួមគ្នារក្សាសន្តិភាព និងសុខុដុមនីយកម្ម នៅក្នុងសង្គមជាតិកម្ពុជា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ប្តេជ្ញាចិត្តប្រឆាំងដាច់ខាតនយោបាយជ្រុលនិយម ដែលធ្វើឲ្យបាត់បង់សន្តិភាព ។

សម្តេចធិបតី បានបញ្ជាក់ថា សាសនាក៏មានសារសំខាន់ ក្នុងការចូលរួមរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គមបានដែរ តាមរយៈការជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឲ្យបានត្រឹមត្រូវ អប់រំ ការបន្តជួយដល់សង្គមជាតិលើការលើកកម្ពស់គុណធម៌ សុជីវធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្ដែងធម្មទេសនា និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីជួយធ្វើឲ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតីដោយព្រហ្មវិហារធម៌ ចូលរួមជួយឲ្យសង្គមជាតិឱ្យមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលនយោបាយនៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ដែលបណ្ដាលឱ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬ សាសនាផ្សេងគ្នានៅកម្ពុជានោះ ។ សម្តេច បញ្ជាក់ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់សហគមន៍ក្នុងការជួយទប់ស្កាត់ និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា ក្នុងការប្រកាន់គោលជំហរ ទស្សនៈគោលនយោបាយជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ និងមិនឱ្យកើតមាននៅកម្ពុជា ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយបាយជ្រុលនិយមនៅក្នុងសាសនា និងនយោបាយ គឺវាបាន បំបែកបំបាក់នូវសាមគ្គីក្នុងសង្គមជាតិ បំផ្លាញសុខសន្ដិភាព និងសិទ្ធិសេរីភាព ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ