ផ្ទាំងគំនូរនៅតាមជញ្ជាំងបង្ហាញជាសិល្បៈមួយដើម្បីបំផុងផ្នត់គំនិតដល់សាធារណៈចូលរួមថែរក្សាការពារ អភិរក្សព្រៃឈើសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ
(ភ្នំពេញ) សិល្បៈគំនូរនៅលើជញ្ជាំង ដែលបង្កប់ពីអត្ថន័យអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានដាក់តាំងបង្ហាញដល់មហាជនជាសាធារណៈ ដើម្បីស្វែងរកការចូលរួមការពារ និងអភិរក្សឱ្យបានគង់វង់ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ និងសត្វព្រៃ។សិល្បៈគំនូរនៅលើជញ្ជាំង ដែលជាស្នាដៃរបស់វិចិត្រករ និងសិល្បករល្បីៗមកពីបរទេស ក្រោមការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) មានការផាត់ពណ៍ដ៏រស់រវើកដែលបានចែករំលែកពីក្តីស្រឡាញ់ ភាពរីករាយ និងសុភមង្គលនៅក្នុងសហគមន៍ ក្នុងស្រុកជីផាត នៃខេត្តកោះកុង។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការដាក់តាំងពិព័រណ៍នូវផ្ទាំងគំនូរទាំងនោះ ធ្វើឡើងនៅសាលពិព័រណ៍ FACTORY PHNOM PENH តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្ទាំងគំនូរដោយដៃទាំងនេះ បង្កប់នូវអត្ថន័យពីធនធានជីវៈចម្រុះនៅតំបន់ជួរភ្នំក្រវាញ ជីវភាពសហគមន៍នៅតំបន់នោះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ខណៈកំពុងគ្រប់ទៅដោយព្រៃស្រោងក្រាស់មានពណ៌បៃតងគ្រប់រដូវកាល និងជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារៈសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។
លោក ហ្វុនគី(Fonki ) និងសិល្បករល្បីៗមកពីបរទេសផ្សេងទៀត បានបញ្ជាក់ឱ្យដឹងថា ផ្ទាំងគំនូរបង្កប់នៅអត្ថន័យអភិរក្សព្រៃឈើ ក្នុងនោះមានការបង្ហាញពីសហគមន៍ជីផាត អំពីសារៈសំខាន់នៃធនធានដ៏សម្បូរបែបនៅតំបន់ជួរភ្នំក្រវាញ។ ផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយចំនួន ក៏បានចែកដល់សិស្ស និងសាលារៀននៅតាមសគមន៍នៃតំបន់ជួរភ្នំក្រវាញផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្តចំនួន៣រួមមាន៖ ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគម្រាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្ពុជ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។
គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃល្បោះដែលអំណោយផល់ដល់ពពួកប្រភេទសត្វកម្រ សម្រាប់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។
ជួរភ្នំក្រវាញ ត្រូវបានចាត់ទុកជាតំបន់សំខាន់បំផុតនៃជីវចម្រុះ ជាពិសេសជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាក៏បានរកចំណូលបានប្រមាណជាង១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីព្រៃឈើ ទៅឱ្យក្រុមហ៊ុនមានឧស្សាកម្មបញ្ចេញផ្សែងពុលច្រើន ដែលមានមូលដ្ឋាននៅប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕



អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា