Amazon នឹងលក់រថយន្តថ្មីលើវេទិការបស់ខ្លួននៅសហរដ្ឋអាមេរិកនាឆ្នាំក្រោយ
ឡូស អាន់ជីឡេស៖ ក្រុមហ៊ុន Amazon នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា ខ្លួននឹងចាប់ផ្តើមលក់រថយន្តថ្មីនៅលើវេទិការបស់ខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិកនាឆ្នាំក្រោយ។
ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានប្រកាសពីការចាប់ផ្តើមលក់រថយន្តថ្មី នៅឯពិព័រណ៍រថយន្តទីក្រុងឡូស អាន់ជេឡេស រួមជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់កូរ៉េខាងត្បូង Hyundai ដែលនឹងក្លាយជាម៉ាកយីហោដំបូងគេ ដែលលក់នៅលើវេបសាយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក អេនឌី ចាសស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Hyundai គឺជាក្រុមហ៊ុនប្រកបដោយភាពច្នៃប្រឌិត ដែលចែករំលែកចំណង់ចំណូលចិត្តដូច Amazon ដែរ សម្រាប់ការព្យាយាមធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង និងងាយស្រួលជារៀងរាល់ថ្ងៃ។
ភាពជាដៃគូជាមួយក្រុមហ៊ុន Hyundai ក៏នឹងឃើញឧបករណ៍បំពងសំឡេងឆ្លាតវៃ Alexa របស់ក្រុមហ៊ុន Amazon បំពាក់លើរថយន្តម៉ូដែលថ្មី ដែលចាប់ផ្តើមក្នុងឆ្នាំ២០២៥ ផងដែរ។
ក្រុមហ៊ុន Amazon បានបញ្ជាក់ទៀតថា អតិថិជននឹងអាចជ្រើសរើសម៉ូដែល និងលក្ខណៈពិសេសរបស់រថយន្ត ដែលពួកគេចូលចិត្តនៅលើអ៊ីនធើណិត។ បន្ទាប់មក ពួកគេអាចទៅយករថយន្តនៅតាមហាងចែកចាយក្នុងស្រុករបស់ពួកគេ ឬ ឱ្យគេដឹកជូនដល់ផ្ទះក៏បាន។ ជម្រើសហិរញ្ញប្បទានក៏នឹងមាននៅលើវេបសាយ Amazon ផងដែរ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា