អគ្គនាយិកាអង្គការយូណេស្កូ គាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា
ភ្នំពេញ៖ លោកជំទាវ អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការយូណេស្កូ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវតម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។ ការគាំទ្រនេះ នៅក្នុងជំនួបសវនាការមុនសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងជំនួបសវនាការមុនពិធីបើកសន្និសីទនេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេស លើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជីបេតិកភណ្ឌនូវមរតករូបីនិងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើសុំអង្គការយូណេស្កូបញ្ជូនអ្នកជំនាញបច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។

ជាកិច្ចឆ្លើយតប លោកជំទាវ អូ អាហ្ស៊ីឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវតម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។
បន្ទាប់មក នាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារអស់រយៈពេលជាង៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានលើកឡើងពីការធានាបន្តនិរន្តរភាពការងារទាំងនេះ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសហប្រធានបារាំង និង ជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់ (ICC Angkor ជាពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋអ៊ីតាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងអង្គការយូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏ អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ក្នុងទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។ ព្រះករុណា ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះអគ្គនាយក-អគ្គនាយិកាកន្លងទៅនិងបច្ចុប្បន្នរបស់អង្គការយូណេស្កូ សម្រាប់ការដឹកនាំពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដចំពោះកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងនូវ ព្រះទ័យសោមនស្សរីករាយផងដែរ ចំពោះការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌ
ពិភពលោក កាលពីពេលថ្មីៗនេះ។ ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្តី សម្រេចរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាព លើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។
សូមជម្រាបថា តបតាមការសូមយាងរបស់លោកជំទាវ អូដ្រេ អាហ្ស៊ីឡាយ (Audrey Azoulay) អគ្គនាយិកាអង្គការ យូណេស្កូ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីអង្គរ នៅទីស្នាក់ការកណ្តាលអង្គការ យូណេស្កូ ទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

