សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ការប្រណិប័តន៍សាសនា ក្នុងប្រទេសកម្ពុជា (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់នូវកិច្ចប្រណិប័តន៍សាសនា ក្នុងប្រទេសកម្ពុជា ខណៈប្រទេសមួយចំនួនលើសកលលោក កំពុងតែមានករណីវិវាទសាសនា បង្កភាពរើសអើង និងមានការសម្លាប់រង្គាលថែមទៀត។

កម្ពុជាក្នុងអតីតកាលដែលប្រទេសបានធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩, សាសនាព្រះពុទ្ធ និងសាសនានាទាំងឡាយ ត្រូវបានរបបកាប់សម្លាប់ខ្មែរក្រហម បានលុបបំបាត់ចោល, ព្រះសង្ឃត្រូវបានផ្សឹក, វត្តអារាមត្រូវប្រើប្រាស់ជាកន្លែងឃុំឃាំងអ្នកទោស និងប្រជាជនណា ដែលបន្តមានជំនឿលើវិស័យសាសនា ត្រូវបានអង្គការស្លៀកខោអាវខ្មៅ ធ្វើទុក្ខបុកម្នេញ ដោយចាប់យកទៅដាក់គុក និងខ្លះបានបាត់បង់ជីវិតថែមទៀត។

ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, វិស័យសាសនាបានរស់រានមានជីវិតសាឡើងវិញ និងវិស័យនេះកាន់តែរីកចំរើន និងកាន់តែមានសុខដុមនីយកម្ម ក្រោមការកាច់ចង្កូត របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមានប្រសាសន៍បង្ហាញនូវភាពសុខដុមវិស័យសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា។

កម្ពុជាក្នុងសម័យតេជោសែនបន្តមកដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន, សុខដុមនីយកម្ម នៃសាសនាបានកើតឡើង នៅក្នុងប្រទេស និងកម្ពុជាមិនដែលមានហេតុការណ៍ នៃទំនាស់សាសនាណាមួយបានលេចឡើងនោះទេ។ សម្តេចធិបតីបានអំពាវនាវការរួមគ្នាលុបបំបាត់ភាពរើសអើង និងអំពើជ្រុលនិយមសាសនា ដើម្បីការថែរក្សាសុខដុមនីយកម្មសាសនា។

ក្រៅពីនេះ វត្តអារាមពុទ្ធសាសនាជាទីសក្ការៈ បានរីកដុះដាល និងចំនួនព្រះសង្ឃក្នុងវិស័យទ្រទ្រង់ព្រះពុទ្ធសាសនា បានកើនឡើងគួរអោយកត់សម្គាល់។ នាបច្ចុប្បន្នកម្ពុជាមានព្រះសង្ឃពុទ្ធសាសនាចំនួន ៦ម៉ឺន ៨ពាន់ ៩៦៧អង្គ និងវត្តអារាមទូទាំងប្រទេសមានចំនួន ៥ពាន់ ១៣៣វត្ត។

ads banner