កងទ័ពមួកខៀវកម្ពុជា ៩០នាក់ដកចេញពីម៉ាលី បានមកដល់មាតុប្រទេស (Video Inside)

កងទ័ពមួកខៀវកម្ពុជាចំនួន ៩០នាក់បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាចុងខែមិថុនាឆ្នាំ២០២៣ បានសម្រេចបញ្ចប់ប្រតិបត្តិការ «មីនូសស្មា MINUSMA» និងតម្រូវឱ្យកម្លាំងមួកខៀវ របស់ប្រទេសទាំងអស់ ដែលបំពេញបេសកកម្ម ក្នុងប្រទេសម៉ាលី ត្រូវដកចេញឱ្យអស់រហូតដល់ចុងឆ្នាំ២០២៣នេះ ដោយសារតែភាពចលាចលនយោបាយនៅទីនោះមិនអាចគ្រប់គ្រងបាន។

កងកម្លាំង ៩០នាក់ដែលមកដល់មាតុភូមិកាលពីយប់ថ្ងៃទី១៦វិច្ឆិកា រួមមាន ៦៧នាក់ ជាកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបំពេញបេសកកម្ម នៅតំបន់គីដាល់ និង ២៣នាក់ទៀតជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបំពេញបេសកកម្ម នៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តម សែម សុវណ្ណនី នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា បានអញ្ជើញទទួលដំណើរមកដល់របស់ កងកម្លាំងមួកខៀវកម្ពុជាទាំង ៩០នាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គេរំពឹងថានឹងមានធ្វើពិធីទទួលជាផ្លូវការមួយផ្សេងទៀត ដែលនឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាពេលខាងមុខ បន្ទាប់ពីកម្លាំងដកចេញរបស់កម្ពុជាទាំងអស់ ធ្វើដំណើរមកដល់ប្រទេសកម្ពុជារួចរាល់។

ដំណើរវិលត្រឡប់វេលាយប់ថ្ងៃទី១៦វិច្ឆិកា គឺជាការមកដល់ជាលើកទី២ហើយ បន្ទាប់ពីកងនាំមុខមួយក្រុម បានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ads banner