ចាប់ខ្លួនមនុស្ស ៤១នាក់ និងរំដោះមនុស្សម្នាក់ពីការចាប់បង្ខាំងក្នុងរាជធានី (Video Inside)

សមត្ថកិច្ចនគរបាលរាជធានី បានឃាត់ខ្លួនជនសង្ស័យ ៤១នាក់ និងជួយរំដោះជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេចាប់បង្ខាំងទុកខុសច្បាប់ ក្នុងគេហស្ថានមួយ ដែលបើកល្បែងអនឡាញខុសច្បាប់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីលោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងថា បុរសជាតិវៀតណាមឈ្មោះ គៀង វ៉ាំងទឹង អាយុ២៥ឆ្នាំ ត្រូវបានគេល្បួងពីក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីមកធ្វើការក្នុងផ្ទះដែលបើកល្បែងអនឡាញខុសច្បាប់ នៅក្នុងចំណុចផ្ទះលេខB5, B6, B7, B8, និងB9 ក្នុងភូមិបឹងរាំង ក្នុងសង្កាត់ទួលសង្កែទី២។

បុរសអាយុ២៥ឆ្នាំនោះ ត្រូវបានក្រុមមនុស្សសញ្ជាតិចិន និងវៀតណាម ក្នុងកន្លែងធ្វើការខុសច្បាប់នោះ រារាំងមិនឱ្យគាត់បានចាកចេញពីកន្លែងនោះឡើយ។ សាច់ញាតិរបស់បុរសជាតិវៀតណាម ដែលត្រូវគេចាប់បង្ខាំងនោះ បានរាយការណ៍មកកម្លាំងមានសមត្ថកិច្ច ដើម្បីការចាត់វិធានការជួយសង្គ្រោះ។

សមត្ថកិច្ចនគរបាលរាជធានី នាយប់ម៉ោង ៨កន្លះថ្ងៃទី១៦វិច្ឆិកា បានធ្វើប្រតិបត្តិការជួយរំដោះជនជាតិវៀតណាម និងបង្ក្រាបអំពើល្បែងអនឡាញខុសច្បាប់នេះ ដោយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិចិន, សញ្ជាតិវៀតណាម និងខ្មែរ ប្រុសស្រី សរុប ៤១នាក់ និងបានរឹបអូសយកសម្ភារៈមួយចំនួន ដែលបំរើដល់ការបើកល្បែងខុសច្បាប់ ក្នុងខណ្ឌឫស្សីកែវនោះ។

ជនសង្ស័យ ដែលរួមមានចិន ៣២នាក់, វៀតណាមម្នាក់, ជនជាតិខ្មែរ ៨នាក់ កំពុងស្ថិតក្រោមការសាកសួរជាបន្ថែមទៀត នៅមុនការចាត់វិធានការជាបន្តតាមផ្លូវច្បាប់។

ads banner