រមណីយដ្ឋានជិះស្គីទឹកកកខ្ពស់បំផុតនៅអឺរ៉ុប បើកឱ្យភ្ញៀវចូលលេងកំសាន្ត
ប៉ារីស៖ Val Thorens របស់ប្រទេសបារាំង ដែលជារមណីយដ្ឋានជិះស្គីលើទឹកកកខ្ពស់បំផុតនៅអឺរ៉ុប បើកដំណើរការផ្នែកខ្លះ នៃកន្លែងជិះស្គីរបស់ខ្លួននៅចុងសប្តាហ៍នេះ។
នាយកកន្លែងជិះស្គីនៅរមណីយដ្ឋាន Val Thorens លោក Jerome Grellet បានបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់ពួកយើងពេលនេះ គឺការបើកដំណើរការមុន ដែលអនុញ្ញាតឱ្យយើងត្រៀមលក្ខណៈជាមុន ដើម្បីស្វាគមន៍អ្នកជិះស្គីកំសាន្តទាំងអស់នៅក្នុងរមណីយដ្ឋាន មិនថា ភ្ញៀវទាំងនោះជាម្ចាស់ហាង ឬជាកម្មករក៏ដោយ។
លោក Grellet បន្តថា សម្រាប់ពួកយើង អ្វីដែលសំខាន់ គឺការធានាសុវត្ថិភាពដល់ភ្ញៀវរបស់យើង និងប្រាប់ពួកគេថា ពិតជាមានព្រិលធ្លាក់នៅទីនេះ ហើយពួកគេអាចមកលេងកំសាន្តនៅពេលណាក៏បាន តាមដែលពួកគេត្រូវការ។ អ្នកជិះស្គីម្នាក់បាននិយាយថា ខ្ញុំមកជិះស្គីទីនេះ ជាមួយមិត្តរួមក្រុមបីនាក់។
ដោយសារមិនសូវមានមនុស្សច្រើន ហើយផ្ទះសំណាក់មានតម្លៃថោកជាងថ្ងៃធម្មតាបន្តិច នេះជាពេលចាប់យកឱកាស ដើម្បីរីករាយនឹងការជិះស្គីលើទឹកកកនៅលើជម្រាលភ្នំ។
អ្នកជិះស្គីម្នាក់ទៀតបានបញ្ជាក់ថា មនុស្សគ្រប់គ្នាកំពុងរង់ចាំរឿងនេះ (ការជិះស្គីលើទឹកកក) ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានមកទីនេះ ដើម្បីរីករាយនឹងការធ្លាក់ព្រិលដំបូងផងដែរ។
សូមបញ្ជាក់ថា រមណីយដ្ឋាន Val Thorens មានទីតាំងនៅកម្ពស់ ២,៥០០ម៉ែត្រ ត្រូវបានគេចាត់ទុកថា ជារមណីយដ្ឋានជិះស្គីខ្ពស់បំផុតនៅអឺរ៉ុប។ រមណីយដ្ឋាននេះ ភាគច្រើនបើកដំណើរការក្នុងអំឡុងខែធ្នូ ឬនៅថ្ងៃបុណ្យណូអែល។ រមណីយដ្ឋានរបស់ប្រទេសបារាំងនេះដែរ តែងតែមានព្រិលធ្លាក់ច្រើន ហើយសុវត្ថិភាពនៃការជិះស្គីត្រូវបានធានាដោយប្រព័ន្ធពិសេស Gaz-ex ប្រឆាំងនឹងការធ្លាក់ព្រិល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




