ម៉ិកស៊ិកធ្វើម្ចាស់ផ្ទះបុណ្យបង្ហោះបាឡុងយក្សអន្តរជាតិ
ម៉ិកស៊ីកូ៖ បាឡុងយក្សប្រមាណ ២០០ មកពី ២៣ប្រទេស ចូលរួមពិធីបុណ្យបង្ហោះបាឡុងអន្តរជាតិនៅក្នុងប្រទេសម៉ិកស៊ិក។
អ្នកនាង Escandra Salim ដែលជាអគ្គនាយកដឹកនាំពិធីបុណ្យបង្ហោះបាឡុងអន្តរជាតិ បាននិយាយថា បាឡុងប្រមាណ ២០០ មកពី ២៣ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយប្រទេសដៃគូសំខាន់ មានដូចជាជប៉ុន, អាហ្សែបៃហ្សង់ និងលុចសំបួ ហើយយើងក៏មានការចូលរួមពីអ្នកបង្ហោះបាឡុងមកពីគ្រប់ទ្វីបអាមេរិក និងអឺរ៉ុបផងដែរ។
ជាមួយគ្នានេះ អ្នកនាង Maribel Heredia ដែលជាភ្ញៀវទេសចរណ៍មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាននិយាយថា ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ មិននឹកស្មានថា បានឃើញទិដ្ឋភាពបាឡុងយក្សច្រើនបែបនេះទេ។ ហើយខ្ញុំក៏មិននឹកស្មានដល់ថា ពួកយើងនឹងបានឃើញផ្ទាល់ភ្នែកបែបនេះទេ ហើយនោះជាអ្វីដែលគួរឲ្យចាប់អារម្មណ៍… ខ្ញុំស្ទើរតែហាមាត់និយាយមិនរួច។
សូមបញ្ជាក់ថា ពិធីបុណ្យបង្ហោះឡុងអន្តរជាតិ ដែលមានបាឡុងយក្សចំនួន ២០០ មកពី ២៣ប្រទេសចូលរួម បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ប្រមូលផ្តុំគ្នានៅក្នុងទីក្រុងលីអន រដ្ឋហ្គាណាហ្សូតូ របស់ប្រទេសម៉ិកស៊ិកជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ដ៏ធំនេះដែរ តែងតែប្រារព្ធឡើងនៅចន្លោះថ្ងៃទី ១៧ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែវិច្ឆិកា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






