ពលរដ្ឋជិត ២០ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយពីអត្ថប្រយោជន៍ពេលក្លាយជាសមាជិក ប.ស.ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វ​ផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិកប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្តជូនពលរដ្ឋប្រមាណ២០ម៉ឺននាក់ ក្នុងគោលបំណងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលពលរដ្ឋត្រូវទទួលបានពេលក្លាយជាសមាជិក ប.ស.ស។

ការចុះផ្សាយនេះ ធ្វើឡើងតាមរយៈ «យុទ្ធនាការផ្សព្វ​ផ្សាយ៣០ថ្ងៃ» ដែលយុទ្ធនាការ​នេះ​បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែវិច្ឆិកាបន្ទាប់ពីសម្ដេចធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូ​វការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរប​បភាគទានដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយគិតមកដល់ថ្ងៃទី​១៩​ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​ប្រជាពលរដ្ឋ ពិសេសអ្នក​ប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័​យនិយោជន៍) សរុបប្រមាណជា ១៩៧ ៤០៨នាក់ហើយ ទទួលបានការផ្សព្វផ្សាយនេះ។ នេះបើយោងតា​មរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានឱ្យដឹងថា ការផ្សព្វផ្សាយនេះ​ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យ​ប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម។

លោកបានបន្ត​ថា ៖ «​នៅក្នុងយុទ្ធនាការ ៣០ថ្ងៃទៀតសោត គឺកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រី​កការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ គឺត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះ បានទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែ​លប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ក៏ដូចជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» ។

ទាក់ទងនឹង​យុទ្ធនាការនេះដែរ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ បានប្រាប់​​ឱ្យដឹងនៅថ្ងៃទី​១៩ ខែវិច្ឆិកាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ព្រមទាំងបុគ្គលបុគ្គលស្វ័យនិយោជន៍ និងសមាជិកគ្រួសារមានប័ណ្ណ ប.ស.ស ដែលជាចំណែក​​កាត់បន្ថយការចំណា​យបន្ទុកក្នុងជីវភាពគ្រួសារនៅពេលព្យាបាលជំងឺ។

លោកបញ្ជាក់ថា ៖ «​នៅក្នុងផ្ទះ បើមានបណ្ណ ប.ស.ស តែម្នាក់ ហើយសមាជិកម្នាក់ទៀតឈឺ ពួកគាត់ត្រូវចំ​ណាយច្រើន។ ដូច្នេះហើយ នៅពេលសមាជិកក្នុងគ្រួសារមានបណ្ណ ប.ស.ស ទាំងអស់គ្នា គឺជួយសម្រា​លបន្ទុកពួកគាត់ច្រើនណាស់ គឺល្អមែនទែនពេលមានបណ្ណ ប.ស.ស»។

សូមបញ្ជាក់ដែរថា យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះជាការ​​ចង្អុលបង្ហាញដោយផ្ទាល់ពី​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈប.ស.ស នឹងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់​តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យ​ប្រជាពលរដ្ឋ ​កម្មករនិយោជិត ពិសេស​ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាធ្លាប់បាន​លើកឡើងកាលពីពេលថ្មីៗនេះថា តាមរយៈកម្មវិធីថ្មីនេះ គឺជា​ការពង្រីកវិសាលភាពនេះដើម្បីឆ្លើយតបទៅនឹងកំណើន និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផ្នែ​កសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ពិសេសបុគ្គលស្វ័យនិយោជន៍ដែលចង់ក្លាយជាសមាជិក ប.ស.ស ក៏ដូចជាបំណងប្រាថ្នារបស់សមាជិក ប.ស.ស​ដែលចង់ឱ្យសមាជិកក្នុងបន្ទុកគ្រួសារទទួលបានការថែទាំសុខភាពតាមរយៈបណ្ណ ប.ស.ស។

សម្ដេចធិបតីបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និង​កម្មករនិយោជិត ព្រោះជួយកាត់បន្ថយចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ចំណូល និងធ្វើឱ្យប្រសើរឡើងសុខភាពផងដែរ។

សូមជម្រាបថា កម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមានប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកអាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀលក្នុងមួយខែ ពួកគាត់​អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែ​លជាដៃគូរបស់ ប.ស.ស​បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ៕

ដោយ៖វង្ស ដារាវ៉ាឌី

ads banner