អណ្ដើកភ្នំ ឬអណ្ដើកព្រិចមួយក្បាលដែលជាសត្វជិតផុតពូជ ត្រូវបានប្រទះឃើញនៅក្នុង​ដែនជម្រកសត្វព្រៃសៀមប៉ាង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស  អង្គការ USAID មរតកបៃតង បានប្រទះ​ឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិចដែលជាសត្វផុតពូជមួយក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ​ខេត្តស្ទឹងត្រែង កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ ខណៈមន្ត្រីជំនាញ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់ថែរក្សាការពារ និងអភិរក្ស។

យោងតាម​ហ្វេសប៊ុកនៃអង្គការ​ USAID Morodok Baitang-មរតកបៃតងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ បាន​ផ្ស​ព្វ​ផ្សាយ​ឱ្យដឹងថា​ ការប្រទះឃើញអណ្ដើកនេះ​ គឺជាដំណឹងដ៏​ភ្ញាក់ផ្អើល និងរំភើបដោយសារតែសត្វនេះ ជាប្រភេទសត្វជិតផុតពូជបំផុត។  អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែលរស់នៅក្នុងផ្នែ​ក​ខ្លះ​​នៃអាស៊ីអាគ្នេយ៍។ ​

អង្គការដដែលបានបន្តថា ៖ «សត្វនេះ ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត​ ដោយសារការថយចុះចំ​នួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកនេះ ធ្វើជាឱសថបុ​រាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារជាដើម»។  

បើតាម ​អង្គការ USAID មរតកបៃតង អណ្ដើកភ្នំ ឬ​អណ្តើកព្រិច ជាប្រភេទសត្វស៊ីសាច់ និងរុក្ខជាតិ ជាអាហា​រ។ ដោយឡែក អាហារចម្បងរបស់សត្វអណ្តើកនេះ រួមមានដូចជា ស្លឹកឈើ ផ្លែឈើ ផ្សិត និងសត្វឥ​តឆ្អឹងខ្នងជាដើម។ អណ្ដើកភ្នំ ឬអណ្តើកព្រិច ភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ និងក​ម្រនឹងចេញត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។  ​

​អណ្តើកប្រភេទនេះភាគច្រើនធ្វើសកម្មភាពនៅពេលព្រឹកព្រលឹមឬពេលព្រលប់ ហើយក្នុងរដូវវស្សា សត្វប្រ​ភេទនេះតែងតែសកម្មជាងធម្មតា។​

ប្រភពដដែល​បញ្ជាក់ថា ៖ «​អណ្ដើកព្រិចត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុតដោយសារតែការថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូលអណ្ដើកព្រិចធ្វើឱសថបុ​រាណ ពាណិជ្ជកម្មសត្វចិញ្ចឹម និងជាអាហារ»។

អង្គការ USAID មរតកបៃតង បន្តថា ៖ «ការបង្ហាញខ្លួននៃប្រភេទសត្វជិតផុតពូជបំផុតនេះតែងតែធ្វើឱ្យយើងភ្ញាក់ផ្អើល និងរំភើបណាស់។ ចូលរួម ជាមួយ យើង! ការពារជម្រករបស់ពួកវា និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់!»។

ទាក់ទិននឹងការប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិចមួយក្បាលដែលជាសត្វជិតផុតពូជនេះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែវិច្ឆិកា​បាន​ប្រាប់ឱ្យដឹង​ថា អណ្តើ​ក​មួយក្បាលនេះ ត្រូវបានប្រទះឃើញ កាលពីយូរ​ហើយ។បច្ចុប្បន្នទាំងមន្ត្រី និងអង្គការដៃគូកំពុងយ​កចិត្តទុកដាក់អភិរក្ស និងការពារជាប្រចាំ ដោយខ្លាចក្រែងមានជនល្មើសទៅបំផ្លិចបំផ្លាញ។​

លោក ស្រេង ជាហេង បានប្រាប់ថា មិនមែនតែយកចិត្តទុកដាក់លើការការពារ និងអភិរក្សលើសត្វអណ្តើ​កប្រភេទនេះ មួយនោះទេ គឺក្រុមមន្ត្រី និអង្គការដៃគូ បានយកចិត្តទុកដាក់ទៅលើការអភិរក្ស និងការពារជីវៈចម្រុះគ្រប់ប្រភេទ ឱ្យតែស្ថិតនៅក្នុងតំបន់ការពាររបស់កម្ពុជា។

យោងតាម អង្គការ Wonders of The Mekong បានពន្យល់ថា អណ្តើកភ្នំ ឬអណ្ដើកព្រិច ឬត្រូវបានគេស្គាល់ម៉្យាងទៀតថាជាអណ្តើកពណ៌លឿង គឺជាសត្វល្មូនដែលងាយនឹងផុតពូជ និងមានដើមកំណើតនៅតំបន់ព្រៃអាស៊ីអាគ្នេយ៍ និងវាលស្មៅ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ សត្វគួរឱ្យស្រឡាញ់ ទាំងនេះត្រូវបានគេស្គាល់តាមរយៈស្នូកដ៏ស្រស់ស្អាត និងពណ៌របស់វា ដែលអាចមានពណ៌ខ្មៅរហូតដល់ត្នោតស្រាល។ ​

សត្វប្រភេទនេះ អាចមានទំងន់ដល់ ៣, ៥ គីឡូក្រាម និងប្រវែង ៣០ សង់ទីម៉ែត្រហើយត្រូវបានគេចាត់ទុកថាជាសត្វអណ្តើក ដែលមានទំហំមធ្យម។ នៅពេលដល់រដូវកាលបន្តពូជ ច្រមុះសត្វអណ្តើកឈ្មោល ចាប់ផ្ដើមប្រែពណ៌ផ្កាឈូក ដើម្បីទាក់ទាញសត្វញី។ សត្វញីអាចទំលាក់ពងរហូតដល់១០ ពងក្នុងមួយលើក៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner