សេតវិមានថា មិនទាន់មានឡើយកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់
អាមេរិក៖ អ្នកនាំពាក្យសេតវិមានកាលពីយប់ថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បណ្តោះអាសន្ននៅឡើយ។ អ្នកនាំពាក្យរូបនេះបន្តថា សហរដ្ឋអាមេរិកកំពុងបន្តធ្វើការដើម្បីទទួលបានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។
លោកស្រី Adrienne Watson ជាអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែយើងបន្តខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង»។
ដោយឡែកបើតាមកាសែត Washington Post រាយការណ៍កាលពីយប់ថ្ងៃសៅរ៍វិញបានឱ្យដឹងថា កិច្ចព្រមព្រៀងមួយដែលប្រទេសកាតាជាអ្នកសម្របសម្រួលរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសឯណោះវិញ បានឈានដល់បទឈប់បាញ់រយៈពេលប្រាំថ្ងៃជាថ្នូរនឹងចំណាប់ខ្មាំង ៥០ នាក់ ឬច្រើនជាងនេះ។
គួររំលឹកថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តកម្ទេចក្រុមហាម៉ាស់បន្ទាប់ពីរងការវាយលុកពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ខែតុលា ចូលក្នុងប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សចំនួន ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៤០ នាក់។
ឈានចូលដល់សប្តាហ៍ទីប្រាំពីរនៃជម្លោះពីភាគីអាជ្ញាធរក្នុងតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់វិញបានឱ្យដឹងថាចំនួនអ្នកស្លាប់នៃប្រជាជនខ្លួនកើនដល់ជាង ១២ ០០០នាក់រួមទាំងកុមារចំនួន ៥ ០០០ផងដែរ៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ White House says no deal between Israel and Hamas yet -spokesperson