លោក ត្រាំ ប្ដេជ្ញាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់អាស៊ី ប្រសិនបើលោកជាប់ឆ្នោត
អាមេរិក៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពនាំមុខគេរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតអាណត្តិខាងមុខ បាននិយាយកាលពីថ្ងៃទី១៨ វិច្ឆិកាថា ប្រសិនបើលោកជាប់ឆ្នោត រូបលោកនឹងផ្ដាច់កិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិក ដែលបច្ចុប្បន្នកំពុងដឹកនាំដោយ លោកប្រធានាធិបតី ចូ បៃឌិន។
ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋអាយអូវ៉ា (Iowa)លោក ត្រាំ បាននិយាយថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងត្រូវបានចរចាដោយរដ្ឋបាល លោក បៃឌិន ជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងការផលិតរបស់សហរដ្ឋអាមេរិក និងបង្កឱ្យមានបញ្ហាបាត់បង់ការងារ។
ដោយឡែក កិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) មានបំណងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកមានលទ្ធភាពទប់ទល់នឹងឥទ្ធិពលពាណិជ្ជកម្មរបស់ប្រទេសចិន ប៉ុន្តែកិច្ចពិភាក្សាមិនទាន់ទទួលបានភាពជោគជ័យនៅឡើយទេ បន្ទាប់ពីប្រទេសមួយចំនួនរួមទាំង វៀតណាម និងឥណ្ឌូនេស៊ី បានបដិសេធមិនប្តេជ្ញាចំពោះការទាមទារដែលមានចែងនៅក្នុង IPEF ។
យ៉ាងណាមិញ ក្នុងពេលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ ធ្លាប់បានដកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះម្ដងរួចទៅហើយ។ក្នុងការនោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ខាងមុខ ប្រសិនបើលោកជាប់ឆ្នោត លោកនឹងសំដៅដកកិច្ចព្រមព្រៀងនេះមុនគេ។
ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Iowa ដដែល លោកត្រាំបានសង្កត់ធ្ងន់ថា ៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ នឹងស្លាប់នៅថ្ងៃណាមួយ ក្រោមការដឹកនាំរបស់ លោក ចូ បៃឌិន»។
លោកបន្តថា ៖ «វានឹងកាន់តែអាក្រក់ទៅទៀត ដោយកិច្ចព្រមព្រៀងនេះនឹងគម្រាមកំហែងធ្វើឱ្យកសិករ និងក្រុមហ៊ុនបង្កើតផលិតផលនានាប្រឈមនឹងភាពច្របូកច្របល់»។
ចំណែករដ្ឋបាលលោក បៃឌិន សង្ឃឹមថានឹងបញ្ចប់រឿងសំខាន់ៗ នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម របស់ខ្លួនបានទាន់ពេលវេលាសម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅសប្តាហ៍នេះ។
រដ្ឋបាលលោក បៃឌិន ក៏បានប្តេជ្ញាបន្តការចរចារកិច្ចព្រមព្រៀងដ៏ធំមួយនេះ ប៉ុន្តែការខិតចូលមកនៃការបោះឆ្នោតហាក់បានក្លាយជាសម្ពាធបន្ថែមទៀត ម្យ៉ាងអាមេរិកក៏កំពុងតែដោះស្រាយជាមួយបណ្ដាប្រទេសដែលមិនទាន់ចូលជាមួយកិច្ចព្រមព្រៀងផង។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្តើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) នៅខែឧសភា ឆ្នាំ ២០២២ ជាមួយ អូស្ត្រាលី ព្រុយណេដារ៉ុយសាឡឹម ហ្វីជី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
ក្របខ័ណ្ឌនេះដែរបានឈរលើសសរស្តម្ភសំខាន់ៗមួយចំនួនគឺ ពាណិជ្ជកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ថាមពលស្អាត ការបំបែកកាបូន ហេដ្ឋារចនាសម្ព័ន្ធ ពន្ធ និងការប្រឆាំងអំពើពុករលួយ។ រីឯដៃគូ IPEF ទាំង ១៤ប្រទេស តំណាងឱ្យ ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨ភាគរយនៃពាណិជ្ជកម្មទំនិញ និងសេវាកម្មសកល៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Trump vows to kill Asia trade deal being pursued by Biden if elected