ឆ្នាំ២០២៣នេះ អាជ្ញាធរមីនគ្រោងធ្វើការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនឱ្យបាន ១,៤លាននាក់
ភ្នំពេញ៖ មន្រ្តីជំនាញនៃអាជ្ញាធរមីនតែងតែចុះផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋសិស្សានុសិស្ស និងសហគមន៍នៅតាមតំបន់រងផលប៉ះពាល់ខ្ពស់ ឱ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ។ការផ្សព្វផ្សាយនេះគ្រោងធ្វើទៅដល់ប្រជាពលរដ្ឋឱ្យបានចំនួន ១,៤លាននាក់ ក្នុងឆ្នាំ២០២៣នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី១៩ខែវិច្ឆិកាថា នៅក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីនបានកំណត់តំបន់សហគមន៍ដែលរងផលប៉ះពាល់ខ្ពស់ដែលត្រូវធ្វើការផ្សព្វផ្សាយអប់រំឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងខេត្តគោលដៅមួយចំនួនរួមមាន ព្រះវិហារ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ជាដើម។
ជាមួយគ្នាឯកឧត្តមក៏បានបញ្ជាក់ដែរថា កម្មវិធីអប់រំឱ្យយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ត្រូវបានរៀបចំដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សចាប់ពីបឋមសិក្សារហូតទៅដល់អនុវិទ្យាល័ និងមហាវិទ្យាល័យផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ថា ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននេះ គឺបានធ្វើជាប្រចាំ ហើយពីសំណាក់លោកគ្រូអ្នកគ្រូទៅតាមកម្មវិធីសិក្សាអប់រំរបស់គាត់ហ្នឹង ហើយដោយឡែកយើងក៏បានចុះផ្សព្វផ្សាយអប់រំនៅតាមភូមិបន្ថែមទៀត នៅពេលមានប្រតិបត្តិករចុះមកបោះសម្អាតមីនម្ដងៗ។
បើតាមឯកឧត្តម លី ធុជ បញ្ជាក់ថា ក្នុងឆ្នាំនេះ អាជ្ញាធរមីន គ្រោងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសិស្សានុសិស្ស និងសហគមន៍នៅតាមតំបន់គោលដៅដែលរងផលប៉ះពាល់ខ្ពស់ ឱ្យបានចំនួន ១,៤ លាននាក់។ការងារផ្សព្វផ្សាយយល់ដឹងអំពីមីន វាជាកិច្ចការចាំបាច់មួយ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈមិនឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារមីនបន្តទៀត។
ទោះបីកម្ពុជាបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់នៅត្រឹមឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែការងារផ្សព្វផ្សាយ និងអប់រំ នៅតែជាការងារអាទិភាពមួយក្នុងការចូលរួមចំណែកទប់ស្កាត់កាត់បន្ថយជនរងគ្រោះ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងតំបន់គោលដៅមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។ នេះជាការអះអាងរបស់លោក លី ធុជ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ មន្រ្តីនៃអាជ្ញាធរមីនបានចុះផ្សព្វផ្សាយអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងតម្លើងផ្ទាំងប៉ាណូ នៅសាលាបឋមសិក្សាកណ្តាល ភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍យល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។
ទាក់ទងនឹងបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះនេះដែរឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា អង្គភាពស៊ីម៉ាក់ បានត្រៀមចាត់បញ្ជូនមន្ត្រីប្រាំរូបសម្រាប់ទៅវគ្គហ្វឹកហ្វឺនទី១នៅជប៉ុន។
ឯកឧត្តមបន្តថា ការបញ្ជូននេះ ដើម្បីពង្រឹងសមត្ថភាពលើការរៀបចំ និងគ្រប់គ្រង «សារមន្ទីរតេជោសន្តិភាព» ព្រោះសារមន្ទីរនេះជាកន្លែងតាំងបង្ហាញពិព័រណ៍រូបភាព ខ្លឹមសារឯកសារ វត្ថុតាង និងសាក្សីអមជាមួយប្រវត្តិសាស្រ្តឈឺចាប់ខ្លោចផ្សា និងការបំផ្លិចបំផ្លាញនានាដោយសារសង្គ្រាម សម្រាប់បម្រើការអប់រំផ្សព្វផ្សាយទៅកាន់ស្រទាប់យុវជនជំនាន់ក្រោយៗ។
ឯកឧត្តមបញ្ជាក់ថា គម្រោងការកសាងសារមន្ទីរ តេជោសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃនៃសន្តិភាព។
ឯកឧត្តម ហេង រតនា បានលើកឡើងដែរថា ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះប្រទេសជប៉ុនមានចំនួន ៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន ២០កន្លែង និងចិនមានចំនួន ១៤កន្លែង។
ឯកឧត្តមថា ការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាពដល់ស្រទាប់យុវជន សិស្សនិសិ្សត បាននិងបន្តជំរុញយ៉ាងខ្លាំងក្លានៅជប៉ុនដោយក្នុងមួយឆ្នាំៗតាមសារមន្ទីរសន្តិភាពនីមួយៗទទួលបានដំណើរទស្សនកិច្ចពីសាលាបឋម ឬសាលាមធ្យមសិក្សាប្រមាណជាង ២ ០០០សាលារៀន និងមានអ្នកចូលទស្សនាជាទូទៅមានចំនួនជាងមួយលាននាក់៕
ដោយ៖ជា សុខនី
