​ជប៉ុន​ធ្វើ​សមយុទ្ធនៅលើសមុទ្រចិនខាងកើត​ចម្ងាយជាង ៩០០គីឡូម៉ែត្រពីកោះតៃវ៉ាន់

តូក្យូ៖ ស្របពេលដែលភាពតានតឹងជាមួយប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង កាន់តែកើនឡើង​ ជប៉ុនបាន​ធ្វើស​ម​យុទ្ធយោធាថ្នាក់ជាតិនៅលើកោះ Tokunoshima ដែលនឹងបិទបញ្ចប់នៅក្នុងរយៈពេល ១១ ថ្ងៃ។ សម្រា​ប់ជប៉ុនការធ្វើសមយុទ្ធនេះ​ជាការបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងជើងគោក សមុទ្រ និងអាកា​ស ដើម្បីការពារទឹកដីរបស់ប្រទេសជប៉ុន និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រ​ថាមពលនុយក្លេអ៊ែរ។​

ដោយឡែក ការជ្រើសរើសយកកោះ Tokunoshima ក្នុងការធ្វើសមយុទ្ធនេះ ដោយសារតែជប៉ុនមើល​ឃើ​ញ​ពីភាពប្រឈមនៃកោះនេះ ក្នុងករណីវាយប្រហារណាមួយពីប្រទេសចិន។ ម្យ៉ាងទៀត ខុសពីឆ្នេរជាច្រើ​ននៅតាមបណ្ដុំកោះ​ភាគនិរតីរបស់ប្រទេសជប៉ុន ឆ្នេរមួយនៅលើកោះ Tokunoshima មានភាពអំណោ​យផល ដែលជំរុញការសមយុទ្ធឱ្យកាន់តែមានភាព​ងាយស្រួលជាង​មុនថែមទៀត។​

ឧត្តមសេនីយ៍ Yoshihide Yoshida នាយសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារ បាននិយាយ​ក្រោ​យការសង្កេតសមយុទ្ធនោះថា ៖ «គោលដៅរបស់សមយុទ្ធយោធានានាពេលនេះ គឺដើម្បី​បង្ហាញថា ប្រសិ​នបើមាន​ស្ថានការណ៍​គ្រាអាសន្នដែលកើតចេញពីការវាយប្រហារ នោះយើងអាច​រួមគ្នា​ឆ្លើយ​តបបានទាន់ពេលវេលា»។​

ដោយឡែក វិសាលភាព និងល្បឿននៃសមយុទ្ធយោធានៅក្នុងប្រទេសជប៉ុនទំនងជាកើន​ឡើង​បន្ថែមទៀតក្នុងរយៈ​​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខ បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីខែធ្នូ បានបង្ហាញពីការកសាងយោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២មក។ លើសពីនោះ ​លោកនាយករដ្ឋមន្ត្រីបានសន្យាថានឹងបង្កើនការចំណាយ​លើវិស័យ​ការពារជាតិ​ទ្វេដងត្រឹមរយៈពេល៥ឆ្នាំ។​

លោក Kishida បានព្រមានដែរថា អាស៊ីបូព៌ាអាចជាប្រទេសអ៊ុយក្រែនបន្ទាប់ ប្រសិនបើចិនទទួលបានកា​រគាំទ្រពីរុស្ស៊ីលើប្រទេសជិតខាង ក្នុងការវាយប្រហារតៃវ៉ាន់។​

ក្រោមការព្រួយបារម្ភនេះ ជប៉ុនបានគ្រោងទុកនូវថវិកាចំនួន ៤៣.៥ ពាន់ពាន់លានយ៉េន (២៩០ ពាន់លា​នដុល្លារ) សម្រាប់ចំណាយទៅលើវិស័យយោធា ជាពិសេសសំដៅបង្កើនអាវុធថ្មីៗដូចជា ម៉ីស៊ីលរយៈចម្ងា​យឆ្ងាយជាដើម បង្កើនការស្តុកគ្រឿងបន្លាស់ និងបន្ថែមអាវុធថែមទៀត។​​

ប៉ុន្តែយ៉ាងណា ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េននៅឆ្នាំនេះ បានបង្ខំឱ្យប្រទេស​ជប៉ុនកាត់​បន្ថយការទិញដែលបានគ្រោងទុក រួមទាំងម៉ូដែលថ្មីនៃឧទ្ធម្ភាគចក្រ Chinook ផលិតដោយ​សហរដ្ឋអាមេរិក ដែលយោ​ធា​របស់ប្រទេសជប៉ុនបានប្រើប្រាស់នៅក្នុងសមយុទ្ធ Tokunoshima​ផងដែរ ។​

សូមបញ្ជាក់ថា Tokunoshima ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថាកោះ Tokuno ស្ថិតនៅ​ក្នុងប្រជុំកោះ Amami ភាគខាងត្បូងនៃខេត្ត Kagoshima ប្រទេសជប៉ុន។ កោះនេះមានទំហំ ២៤៧,៧៧​ គីឡូម៉ែត្រការ៉េក្នុងផ្ទៃដី មានប្រជាជនប្រមាណ ២៧ ០០០​នាក់។ កោះ Tokunoshima នេះផងដែរ មានចម្ងាយជាង ៩០០គីឡូម៉ែត្រពីដែនកោះតៃវ៉ាន់ ដែលចិនកំពុង​តែប្រទាញប្រទង់យក៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ Japanese troops drill on island seen as vulnerable to China

https://www.reuters.com/world/asia-pacific/japanese-troops-drill-island-seen-vulnerable-china-2023-11-19/

ads banner