តម្លៃគ្រាប់កាហ្វេស្រស់នៅមណ្ឌលគិរីកើនឡើង បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម
ភ្នំពេញ៖ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិន្នផលគ្រាប់កាហ្វេស្រស់នៅខេត្តមណ្ឌលគិរីមានតម្លៃថ្លៃជាងមុន បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ។ទន្ទឹមនេះអ្នកដាំដុះ និងផ្ទៃដីដាំដុះកាហ្វេ មានការកើនឡើងដូចគ្នា។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផលិតផលគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះពី២០០រៀល ទៅ៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំ ២០២៣នេះ បន្ទាប់ពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដីពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់រវាងអ្នកក្រុមផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។
លោកបានលើកឡើងថា ៖ «តម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ១ ៣៥០ ទៅ១ ៥០០ រៀល នៅក្នុងឆ្នាំ ២០២៣ នេះ ដែលកើនឡើងពី២០០រៀល ទៅ៣០០រៀលហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី១ ៤០០ទៅ១ ៦០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។
លោក សុង ឃាង បន្តថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើនឡើង ដោយសារតែមានការសហការជាមួយគ្នារវាងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេលពីរឆ្នាំដើម្បីប្រមូលទិញយក គ្រាប់កាហ្វេស្រស់ក្នុង តម្លៃខ្ពស់នៅលើទីផ្សារ។
លោកបានប្រាប់ថា ៖ «ការរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ បានចូលរួម ចំណែកលើកកម្ពស់ ជីវភាពរស់នៅកសិករ កាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារនិងនិរន្តរភាព»។
អ្នកស្រី មាស មករា ពលរដ្ឋរស់នៅភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងដែរថា អ្នកស្រីបានចាប់យកកសិកម្មផ្នែកដាំកាហ្វេនេះអស់រយៈពេលជា៩ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន និងបានជួយលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសបានមួយផ្នែកផងដែរ។
អ្នកស្រីបានបន្តថា បច្ចុប្បន្ននេះ ដំណាំកាហ្វេ គឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសទេ។
អ្នកស្រីបានបញ្ជាក់ថា ៖ «គ្រាប់កាហ្វេស្រស់នាពេលបច្ចុប្បន្ននេះ មានតម្លៃគួរសម ជាពិសេសក្រោយពីការសម្របសម្រួលបង្កើតឱ្យមានកិច្ចសន្យាកសិកម្ម មានក្រុមហ៊ុនចាំប្រមូលទិញ ដោយយើងមិនបារម្ភរឿងទីផ្សារឡើយ។ ប៉ុន្តែយើងត្រូវគោរពតាមលក្ខខណ្ឌរបស់ ដោយត្រូវប្រើជីធម្មជាតិ និងថែទាំដោយយកចិត្តទុកដាក់ទើបគ្រាប់កាហ្វេស្រស់មានគុណភាពល្អ»។
យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមឆ្នាំ២០២៣ មានកសិករប្រមាណចំនួន៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួនមួយដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កំណើននៃការទទួលទានកាហ្វេនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ក្រសួងបាននិងកំពុងឱ្យមានការពង្រីកដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា ខណៈបច្ចុប្បន្នការដាំដុះកាហ្វេប្រភេទរ៉ូប៊ូស្តានេះ នៅមានតិចតួចនៅឡើយ។
ក្រសួងបានបញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា មានភាពអំណោយផលសម្រាប់ការដាំដុះនៅកម្ពុជា ដោយអាចដាំបាននៅតំបន់ខ្ពស់រាបដូចមណ្ឌលគិរី អាកាសធាតុត្រជាក់ល្មម និងមានភ្លៀងច្រើន ដែលអាចឱ្យកសិករដាំដុះទទួលផលច្រើន៕
ដោយ៖វណ្ណ សុជាតា