ម៉ិកស៊ិក៖ តុក្កតាយក្សនាំសារសន្តិភាព និងសាមគ្គីភាព ដល់ជនភៀសខ្លួន
ម៉ិកស៊ីកូ៖ Little Amal ដែលជាតុក្កតាយក្សរបស់ក្មេងស្រី តំណាងឱ្យវណ្ណៈទាករ ឬអាយ៉ង មានកម្ពស់ជាង ៣ម៉ែត្រ ដើរជុំវិញទីលាន Zocalo នៃទីក្រុងម៉ិកស៊ីកូ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៤ ដើម្បីតំណាងឱ្យកុមារី និងក្មេងប្រុសជនភៀសខ្លួនរាប់លាននាក់ ជុំវិញពិភពលោក។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ម៉ិកស៊ិក លោកស្រី Claudia Curiel បានថ្លែងថា វាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ហើយវាក៏ជាកិត្តិយសមួយ… នៅក្នុងទីលានដ៏សំខាន់បំផុតរបស់ប្រទេស ដែលធំជាងគេទីពីរក្នុងពិភពលោក ដើម្បីនាំសារដ៏សំខាន់បំផុត នៃសន្តិភាព, ការអត់ឱន និងសាមគ្គីភាពចំពោះជនភៀសខ្លួន។
នាឱកាសនោះដែរ លោកស្រី Dana Grabe Ladek អ្នកសម្របសម្រួលនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសម៉ិកស៊ិក បាននិយាយថា សព្វថ្ងៃនេះមានមនុស្សជាង ១១៤លាននាក់ ដែលផ្លាស់ទីលំនៅដោយបង្ខំ ក្នុងនោះ ៤១ភាគរយនៃពួកគេ គឺជាកុមារ និងក្មេងជំទង់។
រីឯអភិបាលក្រុងម៉ិកស៊ីកូ លោក Marti Batres បានគូសបញ្ជាក់ថា ការតស៊ូរបស់ក្មេងស្រី Amal គឺជាការតស៊ូរបស់ជនជាតិអាមេរិកកណ្តាល, ការ៉ាបៀន, អាមេរិកឡាទីន, អាហ្រ្វិក និងអាស៊ី ដែលជាជនចំណាកស្រុកឆ្លងកាត់ទឹកដីរបស់យើង ដើម្បីស្វែងរកអ្វីដែលគេហៅថា ក្តីសុបិនរស់នៅសហដ្ឋអាមេរិក។
គួរបញ្ជាក់ថា តុក្កតាយក្ស Little Amal តំណាងឱ្យក្មេងស្រីមកពីទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី ដែលត្រូវបង្ខំឱ្យចេញពីផ្ទះរបស់ខ្លួន ដោយសារតែជម្លោះ។ គោលដៅបង្កើតរូបតុក្កតាយក្សនេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការតស៊ូរបស់ជនភៀសខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា