លោកគ្រូអ្នកគ្រូ និងសិស្សថ្នាក់ទី១២ ខេត្តពោធិ៍ ធ្វើដំណើរកំសាន្តនៅទឹកដីវប្បធម៌ខេត្តសៀមរាប

ខេត្តពោធិ៍សាត់៖ ក្រោមការឧបត្ថម្ភដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលសម្របសម្រួលដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយ លោក ងួន ប៉ោសេង អភិបាលរងខេត្ត សិស្សថ្នាក់ទី ១២ នៅខេត្តពោធិ៍សាត់ ចំនួន ៧០៤នាក់ ដែលទើបប្រលងរួច ត្រូវបានរៀបចំដំណើរកំសាន្តទស្សនកិច្ចសិក្សា នៅលើទឹកដីវប្បធម៌ខេត្តសៀមរាប រយៈពេល ១យប់ ២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យុវជនពោធិ៍សាត់ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ» ។

ក្នុងដំណើរកំសាន្តទស្សនកិច្វនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ ឱកាស ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សា ឈ្វេងយល់ អំពីតំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្ដិសាស្ដ្រដ៏ល្បីល្បាញនានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង រួមទាំងថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ ។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ចំពោះដំណើរកំសាន្តទស្សនកិច្ចសិក្សា ជូនសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ថ្នាក់ដឹកនាំយើង នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ទូទាំងខេត្ត និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ ៕

ដោយ ៖ ចេង ពុំ

ads banner