មនុស្សរាប់ពាន់នាក់ដង្ហែក្បួនគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ មនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងក្បួនដង្ហែគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ឬ LGBTQA+ Pride នៅតាមដងផ្លូវឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro បន្ទាប់ពីរលកកំដៅបានបញ្ចប់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសប្រេស៊ីល។
Read. ក្នុងអំឡុងព្រឹត្តិការណ៍ដង្ហែក្បួនគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសប្រេស៊ីល មនុស្សជាច្រើនបាននាំគ្នាស្លៀកសម្លៀកបំពាក់ប្លែកៗ ចម្រុះពណ៌ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ក្នុងនោះក៏មានការរំា និងច្រៀងតាមដងផ្លូវផងដែរ។
ព្រឹត្តិការណ៍នេះ បានដំណើរការទៅប្រកបដោយបរិយាកាសសប្បាយរីករាយ សិទ្នស្នាល និងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចោមរោមទស្សនាយ៉ាងច្រើនកុះករ។ អ្នកស្រី Priscila Vargas ដែលជាគ្រូបង្រៀនម្នាក់ បាននិយាយថា ពួកយើងធ្លាប់មានរដ្ឋាភិបាលហ្វាស៊ីស (រដ្ឋាភិបាលផ្តាច់ការ) ដែលកាន់អំណាចក្នុងរយៈពេល ៤ឆ្នាំ។
រដ្ឋាភិបាលនេះ បានបំបិទសិទ្ធិទាំងអស់របស់ជនជាតិភាគតិចរបស់យើង ដូច្នេះថ្ងៃនេះ នៅក្នុងក្បួនដង្ហែរនេះ យើងទាំងអស់គ្នាបានស្រែកទាមទារសិទ្ធិសេរីភាព ប្រឆាំងនឹងរបបដឹកនាំហ្វាស៊ីស។ ដូច្នេះព្រឹត្តិការណ៍នេះ វាមានសារៈសំខាន់ជាងបណ្តាឆ្នាំដទៃទៀត។
ចំណែកលោក Eduardo Gabriel de Oliveira ដែលជាអ្នកលក់ដូរម្នាក់ បាននិយាយថា ពួកយើងគួរតែយល់ថា ទោះបីជាពួកយើងមានភាពខុសគ្នាក៏ដោយ ប៉ុន្តែយើងទាំងអស់គ្នាមានសិទ្ធិស្មើៗគ្នា យើងមានសេរីភាពដូចគ្នា ហើយអ្វីដែលសំខាន់ នោះគឺការគោរព និងឯកភាពគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



