លក្ខខណ្ឌច្បាប់ប្រជាមតិថៃ បង្កការរាំងស្ទះដល់វិសោធនកម្មរដ្ឋធម្មនុញ្ញ
ថៃ៖រដ្ឋាភិបាលថៃនឹងកោះប្រជុំនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះ ដើម្បីដោះស្រាយបញ្ហានយោបាយ ក៏ដូចជាពិភាក្សាអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានស្នើឡើង រួមទាំងពិនិត្យមើលទៅលើគោលការណ៍ «ភាគច្រើនទ្វេដង» (Double-Majority) ដែលមានន័យថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចស្នើទៅបានដោយត្រូវមានសំឡេងគាំទ្រភាគច្រើនពីចំនួនអ្នកបោះឆ្នោតសរុបដែលបានចុះឈ្មោះបោះឆ្នោត និងសំឡេងភាគច្រើននៃអ្នកដែលបានទៅបោះឆ្នោតជាក់ស្ដែង។ គោលការណ៍នេះត្រូវបានគេមើលឃើញថា ជាឧបសគ្គរារាំងការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ឧបនាយករដ្ឋមន្ត្រី លោក ភូមិថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai) ដែលដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលបានលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួននឹងកោះប្រជុំសមាជិករដ្ឋាភិបាលនៅថ្ងៃសុក្រ ដើម្បីពិនិត្យឡើងវិញនូវមតិយោបល់ស្ដីពីអនុគណៈកម្មាធិការដែលគ្រប់គ្រងដោយលោក នីកន ចាំណង (Nikorn Chamnong) និងដែលកំពុងធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោតប្រជាមតិ។
កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតដូចជា ការបោះឆ្នោតប្រជាមតិនាពេលខាងមុខ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាក់លាក់ណាមួយ ចំនួននៃប្រជាមតិដែលត្រូវការដើម្បីវិសោធកម្មស្របច្បាប់ និងថវិកាសម្រាប់រៀបចំចំណាយទៅលើការធ្វើប្រជាមតិនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានបដិសេធមិនធ្វើការព្យាករអំពីលទ្ធផលនៃកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃសុក្រខាងមុខនេះនោះទេ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញទំនុកចិត្តថា បញ្ហាសំខាន់ៗខាងលើនឹងត្រូវបានដោះស្រាយឱ្យបានមុនដំណាច់ឆ្នាំ ហើយបង្ហាញទៅគណៈរដ្ឋមន្ត្រីដើម្បីត្រួតពិនិត្យនៅត្រីមាសដំបូងនៃឆ្នាំ២០២៤។
លោកបានលើកឡើងដោយសុទិដ្ឋិនិយមថា ៖ «ខ្ញុំសង្ឃឹមថា យើងនឹងអាចបញ្ចប់រឿងនេះនៅខែមករា ឆ្នាំក្រោយ»។ ដោយឡែក លោក នីកន បានលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់នៃច្បាប់ប្រជាមតិលើដំណើរការវិសោធនកម្ម ជាពិសេសត្រង់ផ្នែកទី១៣ ដែលបានចែងអំពីលក្ខខណ្ឌជាក់លាក់ចំនួនពីរដែលត្រូវតែបំពេញ មុនពេលលទ្ធផលប្រជាមតិអាចចាត់ទុកថាមានប្រសិទ្ធភាពបាន។
លក្ខខណ្ឌដែលមានចែងក្នុងផ្នែកទី១៣ រួមមានទិដ្ឋភាពសំខាន់ៗចំនួនពីរ៖ ទីមួយ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតលើសពី ៥០% ត្រូវតែចូលរួមក្នុងការបោះឆ្នោតប្រជាមតិ និងទីពីរ សំឡេងភាគច្រើននៃអ្នកដែលបានបោះឆ្នោត ត្រូវតែជាសំឡេងគាំទ្រឱ្យធ្វើវិសោធនកម្ម។
លោក នីកន បានបង្ហាញពីកង្វល់ជុំវិញបញ្ហាប្រឈមនៃការបំពេញតម្រូវការនៃគោលការណ៍ «ភាគច្រើនទ្វេដង» នេះ។ លោកបានពន្យល់បន្ថែមថា ក្រោមច្បាប់ភាគច្រើនសាមញ្ញ (Simple Majority) អ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ២៦ លាននាក់ក្នុងចំណោមជាង ៥២ លាននាក់ត្រូវតែចូលរួមបោះឆ្នោត ដើម្បីទទួលបានលទ្ធផលប្រជាមតិមួយដែលអាចចាត់ទុកថាយកជាការបាន។
បន្ថែមលើនេះ នៅក្រោមគោលការណ៍ «ភាគច្រើនទ្វេដង» យ៉ាងហោចណាស់គេត្រូវការ ១៣ លានសំឡេងគាំទ្រក្នុងចំណោម ២៦ លាននាក់ជាចាំបាច់ក្នុងការដែលអាចស្នើឱ្យធ្វើវិសោធនកម្ម ដើម្បីឱ្យមានភាពស្របច្បាប់។ លោក នីកន បានរំលេចថា លោកនឹងលើកឡើងអំពីបញ្ហាលក្ខខណ្ឌនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងមុខ។
ទន្ទឹមនឹងនេះ លោក ពង្សសាថន សនផេតណារិន (Pongsathorn Sornpetnarin) សមាជិកសភាខេត្តរ៉ាក់យ៉ង (Rayong) មកពីគណបក្សឈានទៅមុខ (Move Forward Party) ក៏បានលើកឡើងពីការព្រួយបារម្ភអំពីផ្នែកទី១៣ នៃច្បាប់ប្រជាមតិនេះផងដែរ។ លោកបានគូសបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃលក្ខខណ្ឌនេះថា ប្រសិនបើមានយុទ្ធនាការមួយដែលលើកទឹកចិត្តអ្នកបោះឆ្នោតយ៉ាងតិច ៥០% មិនឱ្យទៅបោះឆ្នោតប្រជាមតិ នោះការផ្តួចផ្តើមធ្វើប្រជាមតិនេះនឹងត្រូវបរាជ័យជាក់ជាមិនខាន។
លោក ពង្សសាថន ដែលមានតួនាទីជាអនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកការអភិវឌ្ឍនយោបាយ និងការចូលរួមពីសាធារណៈជន បានស្នើថា កម្រិតចំនួនសំឡេងត្រឹម ២៥% គួរតែគ្រប់គ្រាន់ហើយដើម្បីអនុម័តវិសោធនកម្មនេះ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Bangkok Post
Thai charter change panel to meet Friday amid obstruction fears