កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើងឱ្យលុបចោលផែនការបាញ់បង្ហោះផ្កាយរណបចារកម្ម
សេអ៊ូល៖កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើង ឱ្យបញ្ឈប់ការរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយថាខ្លួននឹងដាក់ចេញវិធានការចាំបាច់ ប្រសិនបើកូរ៉េខាងជើងនៅតែដំណើរការផ្កាយរណបមួយនេះ។ការបាញ់បង្ហោះផ្កាយរណបនេះគឺជាការប៉ុនប៉ងលើកទីបីហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ បន្ទាប់ពីបានបរាជ័យទាំងពីរលើកកាលពីដើមឆ្នាំ។
កាលពីប៉ុន្មានសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូលបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានរៀបចំជិតរួចរាល់ហើយសម្រាប់ការបាញ់បង្ហោះលើកទីបីរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉នស៊ិក (Shin Won-sik) បាននិយាយថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងអាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ។
លោក កាង ហូភីល (Kang Ho-pil) ប្រធានផ្នែកប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះ បានព្រមានខ្លាំងៗទៅកាន់កូរ៉េខាងជើង ឱ្យបញ្ឈប់ការត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាភ្លាមៗ។
លោកបានបន្ថែមថា ៖ «បើទោះបីជាពួកយើងបានធ្វើការព្រមាន ប៉ុន្តែប្រសិនបើកូរ៉េខាងជើងនៅតែបន្តចចេសបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធានេះ យោធារបស់យើងនឹងអនុវត្តសកម្មភាពធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជនយើង»។
គួររំឭកថា បន្ទាប់ពីការប៉ុនប៉ងលើកទីពីរបរាជ័យក្នុងខែសីហា ទីក្រុងព្យុងយ៉ាងបានរៀបចំផែនការបាញ់បង្ហោះលើកទីបីនៅក្នុងខែតុលា ឆ្នាំ២០២៣ នេះ។ កូរ៉េខាងត្បូងថែមទាំងបានអះអាងថា ទីក្រុងព្យុងយ៉ាងកំពុងផ្ដល់គ្រឿងសព្វាវុធទៅឱ្យទីក្រុងម៉ូស្គូ ជាថ្នូរនឹងការទទួលបាននូវបច្ចេកវិទ្យាអវកាសរបស់រុស្ស៊ី។
ក្រុមអ្នកជំនាញបានធ្វើការកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសមត្ថភាពបាញ់បង្ហោះយានអវកាស អាចត្រូវបានបង្វែរ ឬប្រើប្រាស់ដើម្បីជំរុញកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។
ការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីសក្តានុពលសម្រាប់ទីក្រុងព្យុងយ៉ាងក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាសរបស់ខ្លួនខុសគោលដៅ ពោលគឺប្រើប្រាស់ក្នុងគោលដៅយោធា។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានផ្គើននឹងការព្រមានរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ដោយការធ្វើតេស្តបាញ់គ្រាប់មីស៊ីលជាច្រើនដងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើការតេស្ដសាកល្បងដោយជោគជ័យនូវប្រភេទម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលប្រទេសនេះបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia South Korea warns North Korea to scrap spy satellite launch plans