ប្រធានាធិបតីចិនប្រាប់ប្រធានាធិបតីបារាំង​ថា​​​ ចិនចង់បានការវិនិយោគបន្ថែមទៀត​ពីក្រុមហ៊ុន​បារាំង

ប៉េកាំង៖លោក ស៊ី ជិនភីង (Xi Jinping) ប្រធានាធិបតីចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣​បាន​និយាយ​ថា ប្រទេសចិនចង់ឱ្យក្រុមហ៊ុនបារាំងកាន់តែច្រើនមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសចិ​ន ហើយ​សង្ឃឹម​ថា ប្រទេស​បារាំង​នឹង​ផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងមិនរើសអើង​បណ្តា​លក្រុ​ម​ហ៊ុន​ចិន​។​

បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន លោក ស៊ី បានធ្វើ​ការអត្ថាធិប្បាយ​នៅក្នុង​ការសន្ទនា​តាម​ទូ​រសព្ទ​ជាមួយ​ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុង(Emmanuel Macron) ដោយផ្តោតលើ​ការពង្រឹងទំនាក់ទំនង​ជាមួ​យ​​ដៃ​គូ​ពាណិជ្ជកម្ម​អឺរ៉ុប​របស់ខ្លួន។​ក៏ប៉ុន្តែបញ្ហាពេលបច្ចុប្បន្ននេះស្ថិតត្រង់ ប្រទេស​ចិនកំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​រថយន្ត​អគ្គិសនី​រប​ស់​ខ្លួន​ពីសំណាក់​សហភាព​អឺរ៉ុប និង​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ផលិត​ដែក​​។ ទន្ទឹមនឹងនោះ ប្រទេសអឺ​រ៉ុប​មួយចំនួន​បានត្អូញត្អែរអំពីច្បាប់ និងច្បាប់ស្រអាប់របស់ចិនទាក់ទង​នឹងក្រុមហ៊ុន​បរទេស​រកស៊ី​នៅក្នុង​ប្រ​ទេ​ស​នេះ។​

ក្នុងកិច្ចសន្ទនាដដែលនេះ លោក ស៊ី បានបញ្ជាក់​ថា ​ប្រទេសចិនមានឆន្ទៈបង្កើន​ការផ្តោះប្តូរ​កម្រិតខ្ពស់​ជាមួយភាគីបារាំង​ ​និងបានបន្ថែមទៀត​ថាលោក​ស្វាគមន៍ផលិតផលបារាំងកាន់តែច្រើនដែល​ចូលមកក្នុង​ទីផ្សារប្រទេសចិន។​លោកក៏បាននិយាយផងដែរថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រ​ទេ​ស​បារាំងនៅអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគីផ្សេងទៀត។ ខណៈ ប្រទេសចិន​បានចូលកាន់តំ​ណែង​ជាប្រធាន​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងខែនេះ។​

មេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកក៏បានអំពាវនាវឱ្យប្រទេសបារាំងជួយដើរតួនាទីស្ថាបនា​​ជំរុញការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ស្របពេលដែល​ទំនាក់ទំនង​នៃ​ភាគី​ទាំងពីរនេះ​​កំពុងជាប់​តានតឹង​លើបញ្ហាជា​ច្រើនចាប់តាំងពីការជំរុញរបស់អឺរ៉ុប​ដើម្បីកាត់បន្ថយ​ការពឹងផ្អែ​ក​លើខ្សែ​សង្វាក់ផ្គត់ផ្គង់​ពីសំណាក់​ប្រទេសចិន​ចំពោះសង្គ្រាមនៅអ៊ុយក្រែនជាដើម។

លោក ស៊ី​ បាន​អំពាវនាវថា ​ប្រទេសចិន និងសហភាពអឺរ៉ុបគួរតែនៅតែជា​ដៃគូសម្រាប់​កិច្ចសហប្រតិបត្តិកា​រ​​ដែលមានផលប្រយោជន៍ទៅវិញទៅមក​។​

ក្រៅពីសេដ្ឋកិច្ច ទូរទស្សន៍រដ្ឋបានរាយការណ៍ថា​មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពី​ជម្លោះនៅ​ហ្គាហ្សា ហើយបាន​ព្រមព្រៀង​គ្នាថា​ចាំបាច់ត្រូវតែជៀសវាងស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ជាពិសេ​ស​វិ​បត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​៕​

ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ China wants more investment from French firms, Xi tells Macron

ads banner