សាលារៀននៅបារាំង បង្រៀនសិស្សពីកីឡាអេឡិចត្រូនិច Esports
ប៉ារីស៖ វិទ្យាល័យមួយកន្លែង នៅទីក្រុងណង់ស៊ី ភាគឦសាននៃប្រទេសបារាំង កំពុងផ្តល់ការបណ្តុះបណ្តាលមិនធ្លាប់មានពីមុនមកដល់សិស្ស នោះគឺការសាកល្បងវគ្គសិក្សាកីឡាអេឡិចត្រូនិច ឬហៅថា Esports។
លោក Jibril Talbi ប្រធានផ្នែកបណ្តុះបណ្តាលកីឡាអេឡិចត្រូនិច (Esports) នៅវិទ្យាល័យ Pierre de Coubertin បាននិយាយថា នៅក្នុងកីឡាអេឡិចត្រូនិចមានការងារច្រើន ហើយការលេងហ្គេម គឺមានត្រឹម ១ភាគរយប៉ុណ្ណោះ។ យើងមានផ្នែកផលិតកម្ម, សារព័ត៌មាន, ការគ្រប់គ្រងសហគមន៍, ការគ្រប់គ្រងគម្រោង, ផ្នែកអាហារូបត្ថម្ភ និងរូបរាងកាយជាដើម។ ទាំងនេះគឺជាជំនាញវិជ្ជាជីវៈផ្សេងៗគ្នា។

លោក Alain Henin គ្រូបង្រៀននៅវិទ្យាល័យ Pierre de Coubertin បានបញ្ជាក់ថា ក្រៅពីនេះ យើងក៏បានដាក់បញ្ចូលវគ្គសិក្សាភាសាអង់គ្លេស និងវគ្គសិក្សាថែទាំរាងកាយ និងរបបអាហារជាដើម ទៅក្នុងមុខវិជ្ជា Esports។ លោកគ្រូបន្ថែមថា យើងបានព្យាយាមផ្តល់ជូននូវកម្មវិធីហ្វឹកហ្វឺនពេញលេញ ដែលមិនត្រឹមតែជំនាញកីឡាអេឡិចត្រូនិក។
ចំណែកសិស្សម្នាក់ដែលសិក្សាវគ្គនេះ បាននិយាយថា ខ្ញុំសប្បាយចិត្ត ដែលបានមករៀនទីនេះ។ កាលពីឆ្នាំមុន ខ្ញុំមិនសូវចង់រៀនទេ ប៉ុន្តែឥឡូវនេះ វគ្គសិក្សា Esports បានជំរុញខ្ញុំឱ្យចូលរៀន។ អរគុណចំពោះរឿងនេះ ខ្ញុំទទួលបានពិន្ទុកាន់តែប្រសើរឡើងនៅក្នុងមុខវិជ្ជារបស់ខ្ញុំ។ សម្រាប់ខ្ញុំ កីឡា Esport គឺជាអាជីពមួយ ហើយខ្ញុំចង់រកចំណូលពីវា៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា