សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងពិធី សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់កងកម្លាំងមាន សមត្ថកិច្ច សូមយកចិត្តទុកដាក់ ការពារសន្តិ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសពិធី បុណ្យអុំទូកនាពេលខាងមុខ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសល់ប្រាំថ្ងៃទៀត នឹង ឈានដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ឆ្នាំនេះ នឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀត សម្រាប់ ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មក លេងកម្សាន្ត ។

សម្ដេចធិបតីក៏បានរំលេចពីការរីកចម្រើន ទីក្រុងភ្នំពេញ ដែលឆ្នាំនេះ ប្លែក ដោយអាចរៀបចំការប្រគំតន្រ្តី ដល់កោះនរា ។ សម្តេចបន្តថា តាមផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំ កម្លាំងទឹកបានបុកលើកោះនរា ព្រមទាំងធ្វើឱ្យ បាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥ ហើយប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ ។

សូមជម្រាបថា យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញថា នៅក្នុងឱកាសនៃ ព្រះ រាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្ត ទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃ ទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង មានប្រទីបចំនួន ៣០ និងទូកចំនួន ៣៣៨ ចូលរួម ក្នុងនោះមានប្រភេទទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងមានកីឡការ ចំណុះទូកបុរស នារី សរុបចំនួន ២០,៤៤៤នាក់ មកពីរាជធានី ខេត្ត ក្រសួងស្ថាប័ន ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner