ក្រុមហ៊ុនចិនកែច្នៃប្រេងឆាប្រើរួច ទៅជាប្រេងឥន្ធនៈយន្តហោះ

ប៉េកាំង៖ នៅក្នុងភោជនីយដ្ឋានទំនើបមួយ ក្នុងទីក្រុងឆឹងទូ ប្រទេសចិន អ្នកចូលចិត្តពិសារអាហារក្តៅៗ បានជ្រលក់សាច់ និងបន្លែ ចូលទៅក្នុងឆ្នាំងស៊ុប ដែលមានខ្លាញ់ និងរសជាតិហិល ភាគច្រើនមិនដឹងថា របស់ដែលនៅសេសសល់ពីពួកគេ នឹងត្រូវយកធ្វើជាប្រេងឥន្ធនៈយន្តហោះនោះទេ។

ស្របពេលដែលភោជនីយដ្ឋានក្នុងទីក្រុងឆឹងទូ បោះចោលប្រេងឆាប្រើរួចប្រមាណ ១៥០,០០០តោនជារៀងរាល់ឆ្នាំនោះ ក្រុមហ៊ុនធុរកិច្ចក្នុងស្រុកមួយឈ្មោះថា Sichuan Jinshang Environmental Protection បានរកឃើញទីផ្សារពិសេសមួយ ដើម្បីកែច្នៃកាកសំណល់ជាតិខ្លាញ់ ហើយនាំចេញវាទៅធ្វើជាប្រេងឥន្ធនៈបម្រើដល់វិស័យអាកាសចរណ៍។

លោក Ye Bin ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនរបស់លោក ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៧ ឥឡូវនេះកំពុងផលិតប្រេងថ្នាក់ឧស្សាហកម្មរហូតដល់ ១៥០,០០០តោនក្នុងមួយឆ្នាំ ពីការរួមសហការគ្នាជាមួយភោជនីយដ្ឋាន Hotpot និងភោជនីយដ្ឋានផ្សេងទៀតទូទាំងទីក្រុងឆឹងទូ រួមទាំងហាង KFC ផងដែរ។

ប្រេងឆាដែលឆ្លងកាត់ដំណើរការចម្រាញ់រួច ត្រូវបាននាំចេញទៅកាន់អតិថិជនមានមូលដ្ឋានជាចម្បងនៅអឺរ៉ុប, សហរដ្ឋអាមេរិក និងសិង្ហបុរី ដែលជាប្រទេសកែច្នៃវាបន្ថែមទៀត ដើម្បីបង្កើតនូវអ្វីដែលអ្នកនៅក្នុងឧស្សាហកម្មហៅថា “ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព” (SAF)។ SAFs មានសារសំខាន់ ក្នុងការកំចាត់កាបូនឌីអុកស៊ីត (CO2) ពីវិស័យអាកាសចរណ៍ ដែលរ៉ាប់រងការបំភាយឧស្ម័ន CO2 ទាក់ទងនឹងថាមពលសកលចំនួន ២ភាគរយក្នុងឆ្នាំ ២០២២ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ។

សម្រាប់ពេលអនាគត ក្រុមហ៊ុនធុរកិច្ច Jinshang មានគម្រោងពង្រីកទីតាំងផលិត “ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព” (SAF) របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនអាមេរិក Honeywell ដើម្បីផលិតប្រេងឥន្ធនៈ ៣០០,០០០តោនក្នុងមួយឆ្នាំ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner