សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច,ការងារ,សមធម៌,ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល៥ឆ្នាំទៅមុខ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្នុងនេះ មានកិច្ចការចំនួន៣ ដែលជាអាទិភាពចម្បងគឺ៖ ទី១)កំណើនសេដ្ឋកិច្ច៖ ការជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានកំណើនទ្បើងលើគ្រប់វិស័យទាំងអស់, ទី២)ការងារ៖ ការពង្រីកមូលដ្ឋាននៃការបង្កើតការងារឱ្យបានទូលំទូលាយ និងទី៣)សមធម៌៖ការចែកផលលាភទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកជាងគេ។ ទាំងនេះ គឺជាចំណែកនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកដល់កម្មករ-និយោជិត ឱ្យបន្តថែរក្សានូវវប្បធម៌សុខុដុមនីយកម្មក្នុងរោងចក្រ-សហគ្រាស ដោយឈរលើមូលដ្ឋាននៃការយោគយល់ ភាតរភាព និងសាមគ្គីភាព ពីគ្រប់ភាគីពាក់ព័ន្ធ ធានាបង្កភាពងាយស្រួលដល់ការប្រកបការងារ និងអាជីវកម្ម ដើម្បីជំរុញការធ្វើពិពិធកម្ម,ការពង្រឹងភាពប្រកួតប្រជែង,ការលើកកម្ពស់ផលិតភាព និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព,បរិយាបន្ន និងភាពធន់៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត




