សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានាដោយឈរលើមូលដ្ឋានចំនួនពីរ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋានពីរ គឺថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ-សហគ្រាសចំនួន១៣ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះវិស័យការងារ រាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយលើកកម្ពស់សុខុមាលភាពកម្មករ-និយោជិត ស្របតាមអនុសាសន៍ទាំង១០ចំណុច របស់សម្ដេចតេជោ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នារបស់ កម្មករ-និយោជិត។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតពីមួយឆ្នាំទៅមួយឆ្នាំ ជាបន្តបន្ទាប់។ បន្ថែមពីនេះ បងប្អូនក៏ទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្តិសុខសង្គម ការតម្រូវឱ្យនិយោជកបង់ភាគទានជំនួសបងប្អូនកម្មករ-និយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងការទទួលបានរបបសោធននិវត្តន៍ នៅពេលដែលបងប្អូនចូលនិវត្តន៍ជាដើម។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធសឹងតែជាលទ្ធផលកើតចេញពីការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង១០ចំណុច របស់សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តនូវអនុសាសន៍ទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលជាកម្មវិធីសំខាន់២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលបានប្រកាសដាក់ឱ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣ នេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកទ្បើងថា វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ តែងបានយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ក្នុងអាណត្តិទី៧នេះ។ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត


