នាយករដ្ឋមន្រ្តីថៃ៖ ច្បាប់សមភាពអាពាហ៍ពិពាហ៍ នឹងត្រូវបញ្ជូនឱ្យសភាអនុម័តនៅខែធ្នូខាងមុខ
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ហើយថាសេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅសភាក្នុងសម័យប្រជុំដែលចាប់ផ្តើមនាខែធ្នូ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ទទួលបានការអនុម័តពីសភា និងការយល់ព្រមពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយជាប្រទេសទី ៣ នៅអាស៊ីបន្ទាប់ពីកោះតៃវ៉ាន់ និងប្រទេសនេប៉ាល់ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។
កាលពីឆ្នាំមុន សភាថៃបានពិភាក្សាលើច្បាប់ចំនួនបួន រួមទាំងសហជីពស៊ីវិលសម្រាប់គូស្នេហ៍ភេទដូចគ្នា និងសមភាពអាពាហ៍ពិពាហ៍ ប៉ុន្តែមិនបានទទួលការបោះឆ្នោតព្រមព្រៀងចុងក្រោយមុនសម័យប្រជុំសភាបានបញ្ចប់នោះទេ។
នៅថ្ងៃអង្គារដដែល លោក ស្រេតថា ក៏និយាយផងដែរ លោកចង់ឱ្យរាជធានីបាងកករបស់ប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Pride ដែលជាព្រឹត្តិការណ៍អបអរភាពចម្រុះភេទ នៅឆ្នាំ ២០២៨។
គួរបញ្ជាក់ថា ប្រទេសថៃមានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលបើកចំហជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ សកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់ និងស្ថាប័នប្រពៃណីរបស់ប្រទេសថៃ មិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយាសង្គម ហើយនៅតែរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងគូស្នេហ៍ភេទដូចគ្នា៕ ប្រែសម្រួល៖ ហួន ឌីណា