មីយ៉ាន់ម៉ា ប្រគល់ខ្លួនជនសង្ស័យបោកប្រាស់តាមបណ្ដាញទូរគមនាគមន៍រាប់ម៉ឺននាក់ទៅឱ្យចិន
ប៉េកាំង៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃអង្គារទី២១ ខែវិច្ឆិកាថា អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យបោកប្រាស់តាមបណ្ដាញទូរគមនាគមន៍ចំនួន ៣១ ០០០ នាក់ទៅឱ្យប្រទេសចិន រាប់ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំង២បានបើកការបង្ក្រាបលើការឆបោកតាមប្រព័ន្ធអ៊ិនធឺណិតក្នុងខែកញ្ញា។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រសួងសន្តិសុខសាធារណៈចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យរួមមាន មេខ្លោង អ្នករៀបចំ និងសមាជិកសំខាន់ៗនៃក្រុមឧក្រិដ្ឋកម្មចំនួន៦៣នាក់ ដែលបានបោកប្រាស់ពលរដ្ឋចិនបន្លំយកប្រាក់យ៉ាងសន្ធឹក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនវិញបានរាយការណ៍ថា មនុស្សជាង ១០០ ០០០ នាក់បានចូលរួមក្នុងការក្លែងបន្លំតាមបណ្ដាញទូរគមនាគមន៍ជារៀងរាល់ថ្ងៃ ក្នុងកន្លែងបោកប្រាស់យ៉ាងហោចណាស់១ ០០០ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់ចិន។
ប៉ូលិសចិនបានចាប់ផ្តើមបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងខែកញ្ញា ហើយខែវិច្ឆិកានេះ ប៉ូលិសបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថាជា «ការវាយប្រហាររហ័ស» លើក្រុមឧក្រិដ្ឋកម្មក្នុងប្រទេសមីយ៉ាន់ម៉ា។
ប៉ូលិសចិននិយាយថា មេខ្លោងក្រុមឧក្រិដ្ឋកម្មមីយ៉ាន់ម៉ា បានធ្វើអត្តឃាតកាលពីសប្តាហ៍មុន ពេលកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ក្រោយមក សមាជិកបីនាក់នៃក្រុម ត្រូវបានចាប់ខ្លួនបញ្ជូនទៅឱ្យប៉ូលិសចិន។
ខណៈការបោកប្រាស់តាមបណ្ដាញតាមបណ្ដាញទូរគមនាគមន៍ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលផ្តោតលើពលរដ្ឋចិនកើនឡើង ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong ដែលបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែនេះ ដោយនិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងព្រំដែនរួមទាំងល្បែងស៊ីសងតាមអ៊ិនធឺណិតផងដែរ៕ ប្រែសម្រួល៖ ហួន ឌីណា