កូរ៉េខាងជើងរិះគន់លទ្ធភាពដែលអាមេរិកអាចលក់មីស៊ីលឱ្យជប៉ុន និងកូរ៉េខាងត្បូង
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងកាលពីថ្ងៃចន្ទបានថ្កោលទោសលទ្ធភាពនៃការលក់អាវុធទំនើបៗរួមទាំងមីស៊ីលរបស់សហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង ដោយហៅវាថា ជាទង្វើដ៏គ្រោះថ្នាក់ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់ និងនាំមកនូវការប្រកួតប្រជែងផ្នែកសព្វាវុធថ្មីមួយ។
ក្រសួងការពារជាតិកូរ៉េខាងជើងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖ «យើងព្រមានថាបើអាមេរិកចំណេញពីការលក់អាវុធដោយមិនរើសមុខកាន់តែច្រើន នឹងផលប៉ះពាល់លើបញ្ហាសន្តិសុខនឹងកាន់តែខ្លាំង»។
ក្រសួងបន្តថា ទីក្រុងព្យុងយ៉ាង នឹងបង្កើនវិធានការ ដើម្បីបង្កើតការទប់ទល់សង្គ្រាម ដើម្បីឆ្លើយតបទៅនឹងអស្ថិរភាពនៅក្នុងតំបន់ ដែលបណ្តាលមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ។
គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងទិញមីស៊ីល Tomahawk ចំនួន ៤០០ គ្រាប់ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការពង្រឹងយោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី២។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ដែលអាចនឹងកើតមាននេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ ២,៣៥ ប៊ីលានដុល្លារ។ ថ្មីៗនេះផងដែរ សហរដ្ឋអាមេរិកក៏បានប្រកាសពីការយល់ព្រមលើការលក់មីស៊ីល Sidewinder និង Standard Missile 6 Block I (SM-6) ទៅកាន់កូរ៉េខាងត្បូងផងដែរ។
កន្លងមក កូរ៉េខាងជើងបានរិះគន់ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយនិយាយថា ខ្លួននឹងបង្ហាញពីអាវុធវាយលុកបន្ថែមទៀត ដើម្បីជាការឆ្លើយតប។
កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី ដែលប្រើសម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBMs) ដែលមានសារៈសំខាន់សម្រាប់ការពង្រឹងសមត្ថភាពវាយលុកជាយុទ្ធសាស្ត្ររបស់យោធាខ្លួន៕ ប្រែសម្រួល៖ ហួន ឌីណា