ទារកមិនគ្រប់ខែចំនួន ២៨នាក់ ត្រូវបានជម្លៀសពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសអេហ្សីប ខណៈទារកផ្សេង ទៀតមិនទាន់មានឱកាស

ហ្គាហ្សា៖ ទារកមិនគ្រប់ខែចំនួន ២៨ នាក់ ដែលបានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ Al-Shifa ភាគខាងជើងហ្គាហ្សា ត្រូវបានជម្លៀសតាមព្រំដែនទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ២០ខែវិច្ឆិកា។ ប៉ុន្តែទារកប្រាំនាក់ទៀតបានបាត់បង់ជីវិត មុនពេលពួកគេទទួលបានឱកាសជម្លៀសចេញ។ នេះបើយោងតាមអង្គការសហប្រជាជាតិ និងបណ្តាញទូរទស្សន៍រដ្ឋអេហ្ស៊ីប Al Qahera News។

ទារកទាំងនោះត្រូវបានគេជម្លៀសចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យទៅកាន់ទីក្រុង Rafah ភាគខាងត្បូង ជាច្រកព្រំដែន តែមួយគត់ដែលអាចឆ្លងកាត់បាន។ យ៉ាងណាក៏ដោយ ទារកទាំងនេះបានក្លាយជានិមិត្តរូបនៃការរងទុក្ខវេទនារបស់ជនស៊ីវិល ចេញពីសកម្មភាពឡោមព័ទ្ធ និងវាយលុកដោយកងកម្លាំងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។

ជាម្តាយរបស់ទារកពីរនាក់ ក្នុងចំណោមទារកទាំង ២៨នាក់ អ្នកស្រី Ayat Al Daour បានជួបជាមួយ កូនស្រីភ្លោះរបស់ខ្លួន មុនពេលពួកគេត្រូវបានផ្ទេរទៅប្រទេសអេហ្ស៊ីប។ អ្នកស្រីបាននិយាយថា អ្នកស្រីបានសម្រាលកូននៅមន្ទីរពេទ្យ Al-Shifa ខណៈពេលដែលការប្រយុទ្ធកំពុងផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។

អ្នកស្រី និងកូនៗ ថែមទាំងត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែអ្នកស្រីក៏ត្រូវបានគេដោះលែងវិញតែម្នាក់ឯង តែប៉ុណ្ណោះ។ បើតាមអ្នកស្រី Ayat Al Daour រាប់ចាប់ពីថ្ងៃដែលខ្លួនសម្រាលមក អ្នកស្រីខានបាន ឃើញមុខកូនអស់រយៈពេល ៣៩ថ្ងៃមកហើយ។

អ្នកស្រីបានឱ្យដឹងទៀតថា ក្រោយពេលឮដំណឹងអំពីការបញ្ជូនទារកទៅមន្ទីរពេទ្យ Emirati អ្នកស្រីបានដើររាប់ម៉ោងទៅមន្ទីរពេទ្យនោះ ហើយទីបំផុតបានឃើញកូនស្រីរបស់នាងនៅមានជីវិត និងមានសុខភាពល្អ។

អ្នកស្រីបានបាននិយាយដូច្នេះថា ៖ «ពេលស្ដាប់ការរាយការណ៍អំពីការស្លាប់របស់ទារកមិនគ្រប់ខែ ខ្ញុំមិនអាចដឹងថានោះជាកូនរបស់ខ្ញុំឬអត់ទេ»។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដែលជួយរៀបចំការជម្លៀសនេះ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទារកប្រាំនាក់ បានបាត់បង់ជីវិតហើយដោយសារតែខ្វះអគ្គិសនី និងប្រេងឥន្ធនៈនៅមន្ទីរពេទ្យ Al-Shifa ។

ការណ៍នេះដោយសារតែ អ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធនៅតំបន់ហ្គាហ្សា ដែលជាការរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ អាហារ និងទឹក។

ចំណែកអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ក្នុងចំណោមទារកទាំង ២៨នាក់ មានទារកចំនួន ១១ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពួកគេទាំងអស់ក៏កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។

ទន្ទឹមនឹងនេះ អង្គការយូនីសេហ្វ បាននិយាយដែរថា អង្គការក៏បានចូលរួមក្នុងកិច្ចប្រឹងប្រែងជម្លៀស ដ៏គ្រោះថ្នាក់ និងថាស្ថានភាពនៃទារកទាំងនោះកំពុងតែអាក្រក់ទៅៗ ដោយក្នុងការជម្លៀស ទារកទាំងនោះត្រូវបានដាក់នៅក្នុងម៉ាស៊ីនរក្សាស៊ីតុណ្ហភាពជាប់ជានិច្ច។

យ៉ាងណាក៏ដោយ ការវាយលុករបស់អ៊ីស្រាអែលក្នុងការដណ្ដើមយកតំបន់ Al-Shifa កាលពីសប្ដាហ៍ មុន បានធ្វើឱ្យការរស់នៅរបស់ជនស៊ីវិលកាន់តែអាក្រក់ឡើង។ ក្នុងនោះ មន្ត្រីសុខាភិបាលបានព្រ មានថា ទារកមិនគ្រប់ខែជិត៤០នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពហានិភ័យ។

មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ Al-Shifa បានឱ្យដឹងទៀតថា ទារកខ្លះកើតមកមុនពេលម្ដាយរបស់គេត្រូវបានសម្លាប់ ខ្លះទៀតបានស្លាប់ភ្លាមៗបន្ទាប់ពីការសម្រាល និងមួយចំនួនទៀតជាអ្នករស់រានមានជីវិតតែម្នាក់គត់ក្នុងគ្រួសារ។គួរបញ្ជាក់ថា ទារកដែលគេចាត់ទុកថាមិនទាន់គ្រប់ខែនេះ ជាទារកដែលមានអាយុក្រោម ៣៧សប្ដាហ៍ក្រោយការសម្រាល។ ក្នុងអំឡុងពេលនេះ ទារកត្រូវការការមើលថែយ៉ាងដិតដល់ ដោយសារប្រព័ន្ធភាពសុំារបស់ពួកគេនៅខ្សោយ ងាយនឹងឆ្លងជំងឺ៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner