ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភជូនអតីតយុទ្ធជន រស់នៅលើដីសម្បទាន សង្គមកិច្ច នៅស្រុកសន្ទុក

កំពង់ធំ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិ សង្គហ បណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគម អតីតយុទ្ធ ជនកម្ពុជា បាន អញ្ជើញជួបសំណេះសំណាល និង នាំយកអំណោយជាស្បៀងអាហារ គ្រាប់ពូជដំណាំ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់ បង ប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅ ភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹក រង កំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន ឱ្យដឹងថា អតីតយុទ្ធជនចំនួន ១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួល យក បានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារ មួយហិកតា កន្លះនិងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។បងប្អូនបាន រស់នៅ កសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈ ពេលជាងពីរឆ្នាំកន្លះមកហើយ។ បងប្អូនបានបង្កបង្កើនផលដាំ ដំណាំ បន្លែបង្ការ ធ្វើស្រែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅក្នុង រដូវវស្សាកន្លងមកនេះ ដោយជំនន់ទឹកភ្លៀងធ្លាក់មកគំហុក ជាប់ៗគ្នា បណ្ដាលឱ្យគេហដ្ឋាន និងដីបង្កបង្កើនផលរបស់ បងប្អូន មួយចំនួនត្រូវជនលិចនិងធ្វើឱ្យខូចខាតផលដំណាំផងដែរ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានស្នើសុំដល់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន របស់យើងបន្តទៀត ហើយបងប្អូន ត្រូវខិតខំថែរ ក្សា សុខភាព ខិតខំ ការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ ឱ្យមាន ជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចប៊ុន រ៉ានីហ៊ុនសែន បានផ្តល់ជូននេះ ។

អតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកសុទ្ធនិងគ្រាប់ពូជដំណាំ បន្លែបង្ការ ផ្សេងៗ មួយចំនួន៕
ដោយ ប៊ុន រដ្ឋា

ads banner