ធនាគារពិភពលោកប្រចាំកម្ពុជា៖ ទឹកជំនន់បង្កហានិភ័យច្រើនដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ធនាគារពិភពលោកប្រចាំកម្ពុជា បានរកឃើញថា ទឹកជំនន់ក្នុងរដូវវស្សាបានបង្កហានិភ័យទៅដល់វិស័យអប់រំ និងសុខាភិបាលរបស់ប្រទេសកម្ពុជា និងជាគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះជាញឹកញាប់បំផុត ដែលបណ្តាលឱ្យសាលារៀន និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបិទទ្វានាអំឡុងពេលនេះ។

ការរកឃើញនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពដដែលបានលើកឡើងថា រៀងរាល់ប្រាំឆ្នាំម្តងប្រទេសកម្ពុជាតែងមានទឹកជំនន់ធំៗកើតឡើង ដែលបង្កការបំផ្លិចបំផ្លាញហិនហោចខ្លាំង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១១ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនជាង ១,៧លាននាក់ ក្នុងនោះមនុស្សចំនួន ២៥០ នាក់បានស្លាប់ និងប្រាំម៉ឺននាក់ផ្សេងទៀត គ្មានផ្ទះសម្បែង។

របាយការណ៍ដដែលបន្ថែមថា ៖ «ជារឿយៗ ផលប៉ះទង្គិចរបស់ទឹកជំនន់ទៅលើហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងសុខាភិបាល ត្រូវបានគេមើលរំលង នៅពេលដែលព្រឹត្តិការណ៍ទាំងនេះអាចមានផលវិបាកយូរអង្វែងយ៉ាងធ្ងន់ធ្ងរ ទៅលើធនធានមនុស្ស និងផលិតភាពរបស់ប្រជាជន។ ផលវិបាកផ្នែកសុខាភិបាល នៅពេលដែលមន្ទីរពេទ្យត្រូវបិទទ្វារបណ្ដោះអាសន្នដោយសារទឹកជំនន់ អាចជះឥទ្ធិពលអវិជ្ជមានយូរអង្វែងលើកុមារ និងមូលធនមនុស្ស នាពេលអនាគត»។

ប្រភពដដែលបានលើកឡើងដែរថា ធ្លាក់ចុះនៃម៉ោងបង្រៀន នៅពេលដែលសាលារៀនត្រូវបានបិទដោយសារទឹកជំនន់ ធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់សិស្ស អាចនាំឱ្យអត្រាបោះបង់ការសិក្សាកើនឡើង ហើយកុមាររៀនមិនទាន់កម្មវិធីសិក្សា ដែលជាហេតុធ្វើឱ្យពួកគេក្លាយជាកម្លាំងទីផ្សារការងារខ្វះគុណភាព នៅពេលអនាគតក្នុងជីវិតរបស់ពួកគេ។

ទាក់ទងនឹងការលើកឡើងនេះលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២១ ខែវិច្ឆិកាថា បញ្ហានេះ គឺជាគ្រោះធម្មជាតិ ដែលកម្ពុជាតែងតែជួបប្រទះជាញឹកញាប់ ខណៈបញ្ហានេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនដែលមើលរំលងនោះទេ។

លោកស្រីបន្តថា ជាក់ស្តែង ដើម្បីរក្សាបាននូវសុវត្ថិភាព និងគុណភាពសិក្សា ក្រសួងបានបង្កើតគណៈកម្មការមួយដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន និងសហគមន៍ដើម្បីតាមដានបញ្ហាដែលបានកើតឡើងនៅក្នុងសាលារៀននៃខេត្តនីមួយៗ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។

លោកស្រីបន្តថា ចំណុចមួយទៀត គឺក្រសួងអប់រំ ដែលបានធ្វើនាពេលកន្លងមកគឺរំកិលកាលបរិច្ឆេទនៃការបើកបវេសនកាលមកដល់ថ្ងៃទី១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំដោយសារអំឡុងពេលនោះ ជាពេលវេលាដែលរដូវវស្សាបានបញ្ចប់ ហើយការអនុវត្តនេះ បានធ្វើជាង១០ឆ្នាំមកហើយដែរ ប៉ុន្តែទើបតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឹកូវីដ១៩ ទេដែលតម្រូវឱ្យសាលារៀនទូទៅ ឱ្យចូលកងវិញមុនកាលកំណត់ ដោយបានរំកិលឱ្យចូលរៀននៅថ្ងៃទី១ ខែមករា។ជាមួយគ្នានេះ ដោយមើលឃើញពីស្ថានភាពល្អប្រសើរ សម្រាប់ការសិក្សាឆ្នាំ២០២៣-២០២៤ ក្រសួងបានសម្រេចដាក់ឱ្យចូលកងវិញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខាមងុខនេះ។

លោកស្រីថ្លែងថា ៖ “ឆ្លើយតបនឹងបញ្ហានេះផងដែរ ក្រសួងក៏បានរៀបចំជាឯកសារ តាមប្រព័ន្ធឌីជីថល មានទាំងវីដេអូ ក៏ដូចជាឯកសារថតចម្លង ដែលអាចឱ្យសាលារៀនអាចទាញយកទៅធ្វើជាការងារផ្ទះ និងមួយវិញទៀត នៅតាមសាលារៀនក៏យើងបានរៀបចំឱ្យមានការអនុវត្តន៍កម្មវិធីគាំទ្របង្រៀន និងរៀនថែមទៀតដែរ ដោយលោកគ្រូ អ្នកគ្រូផ្តល់ទៅឱ្យសិស្ស នៅពេលដែលមានសាលារៀនត្រូវបានបិទទ្វាបណ្តោះអាសន្ននៅក្នុងអំឡុងពេលមានទឹកជំនន់”៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner