ក្រសួងសាធារណការ ផ្សព្វផ្សាយពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្សព្វផ្សាយប្រកាសស្ដីពីការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាព ទៅដល់អ្នកពាក់ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ និងកាត់បន្ថយភាពកកស្ទះចរាចរណ៍ផងដែរ។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ នគរបាលរាជធានី-ខេត្ត មន្ទីរសាធារណការរាជធានី-ខេត្ត រួមនឹងតំណាងសមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរជាច្រើននាក់ផងដែរ។

ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា ពិធីផ្សព្វផ្សាយ ប្រកាស ស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាសស្តីពីចន្លោះសុវត្ថិភាពក្នុងការបើកបរយានយន្តនេះ សំដៅបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ និងយល់ដឹងអំពីចន្លោះសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្របតាមផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។

ក្រសួងបានលើកឡើងថា ៖ «ការផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ»។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកាថា ការ ប្រើប្រាស់ទ្រូងផ្លូវដែលត្រឹមត្រូវ គឺអ្នកបើកបរគ្រប់រូបត្រូវបើកបរតាមគន្លងផ្លូវរបស់ខ្លួន ខណៈដែលការប្រើប្រាស់គន្លងផ្លូវសព្វថ្ងៃនេះ អ្នកបើកបរបានប្រើប្រាស់ មានលក្ខណៈមិនត្រឹមត្រូវឡើយ ដោយមានការបំពានគន្លងផ្លូវពីយានយន្តទៅផ្លូវម៉ូតូ ឬម៉ូតូទៅបំពានផ្លូវយានយន្តជាដើម។

លោកបានបន្តថា ចំណែកចន្លោះសុវត្ថិភាពវិញ សំដៅដល់ការធានាសុវត្ថិភាពក្នុងការបើកបរពីក្រោយយានយន្តផ្សេងទៀត នៅពេលយានយន្តខាងមុខជាន់ ឬចាប់ហ្វ្រាំងបន្ថយល្បឿន ឬឈប់បន្ទាន់ផងដែរ។

លោក ផន រឹម បានបញ្ជាក់បន្ថែមថា ៖ «ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ និងមានការយល់ពីចន្លោះសុវត្ថិភាព គឺរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផ្លូវគោក»។

ចំណែកលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ចំពោះការផ្សព្វផ្សាយរបស់ក្រសួងនេះ អាចជាការក្រើនរំលឹកទៅដល់អ្នកបើកបរឱ្យមានការយល់ដឹងបន្ថែមទៀតពីការប្រើប្រាស់គន្លងផ្លូវ ហើយលោកក៏ជឿថាចំណេះដឹងទាំងនេះអ្នកបើកបរក៏បានទទួលការបណ្តុះបណ្តាលហើយដែរ ក្នុងអំឡុងពេលពួកគាត់រៀនយកបណ្ណបើកបរ។

លោក គឹម បញ្ញា បានបញ្ជាក់ថា ៖ «ដូច្នេះ ការប្រើប្រាស់ទ្រូងផ្លូវ និងចន្លោះសុវត្ថិភាពនេះ មានសារៈសំខាន់ណាស់ ខណៈដែលចន្លោះសុវត្ថិភាព ផ្ដោតជាចម្បងហ្នឹង គឺការកាត់បន្ថយគ្រោះថ្នាក់ ហើយចំណែកការប្រើប្រាស់ទ្រូងផ្លូវ វាក៏ពាក់ព័ន្ធនឹងសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ដែរ ប៉ុន្តែជាចម្បងខ្ញុំមើលឃើញថា វាកាត់បន្ថយការកកស្ទះចរាចរណ៍ ពីព្រោះពេលខ្លះឡានមកផ្លូវម៉ូតូ ម៉ូតូមកផ្លូវឡានជាដើម»។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២ ៧១៦លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ២៨៦នាក់ អ្នករបួសធ្ងន់ចំនួន ២ ២៥៨នាក់ និងអ្នករបួសស្រាលចំនួន ១ ៣៨២នាក់។

របាយការណ៍ដដែលថា ក្នុងចំនួនជនរងគ្រោះទាំងនេះ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ២ ៥២៤នាក់។ បើប្រៀបធៀបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលដូចគ្នា ១០ខែ ឆ្នាំ២០២២ ឃើញថា អត្រានៃចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៩ភាគរយអ្នកស្លាប់បានថយចុះ ១១ភាគរយ អ្នករបួសធ្ងន់បានកើនឡើង ៣ភាគរយ អ្នករបួសស្រាលបានកើនឡើង ១០ភាគរយ និងអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ១០ភាគរយ៕ ដោយ៖ ជា សុខនី

ads banner