ឯកឧត្តម លី ធុជ ស្នើឱ្យរដ្ឋាភិបាលជប៉ុន បន្តការគាំទ្រសកម្មភាពបោសសំអាតមីន នៅកម្ពុជាបន្តទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជា ហើយលោកក៏បានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះបន្តទៀត ជាពិសេសសុំឱ្យពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីនផងដែរ។

ឯកឧត្តម លី ធុជ បានស្នើឡើងដូចនេះនាជំនួបពិភាក្សាជាមួយលោក អូហ្គាសាវ៉ារ៉ា អ៊ីជីរ៉ូ(OGASAWARA Ichiro)ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន»។

លោកបានបន្តថា ៖ «ខ្ញុំបានលើកឡើងថាកម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ»។

តាមរយៈលោក លី ធុជ ក្នុងជំនួបដដែលនោះដែរ លោក OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទស្តីពីនិសព្វាវុធកម្ម ក៏បានលើកឡើងដែរថា ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង២២ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិកផងដែរ។

លោក OGASAWARA Ichiro បានបញ្ជាក់ថា ៖ «ជប៉ុន ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌នានារួមទាំងអនុសញ្ញាអូតាវ៉ានេះ ហើយបានបញ្ជាក់ថាជប៉ុននឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ផងដែរ»។

សូមបញ្ជាក់ដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំគណ:ប្រតិភូកម្ពុជា រួមមាន ដៃគូរអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ ចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២០-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ នាង សុគន្ធា

ads banner