រដ្ឋត្រៀមខាតលុយ ១៣០ លានដុល្លារ លើផ្នែកអគ្គិសនី នៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឯកឧត្តម កែវ រតនៈ បានថ្លែងថា រដ្ឋបានត្រៀមថវិកាសម្រាប់ការខាតទៅលើការប្រើប្រាស់អគ្គិសនីក្នុងឆ្នាំ២០២៣នេះប្រមាណ១៣០លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយដល់វិស័យសំខាន់ៗមួយចំនួនផងដែរ។
ឯកឧត្តម កែវ រតនៈ បានថ្លែងបែបនេះនៅក្នុងវេទិកាពិភាក្សាស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ឯកឧត្តមបន្តថា កន្លងទៅរាជរដ្ឋាភិបាលបានប្រកាសពីការចុះថ្លៃពិសេសដល់វិស័យកសិកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាពិសេសការបូមទឹកនៅពេលយប់ ដែលមានតម្លៃក្នុងអត្រា៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។
ឯកឧត្តមបានបន្ថែមថា សម្រាប់វិស័យឧស្សាហកម្ម រដ្ឋបានចាប់ផ្តើមអនុវត្តការបញ្ចុះថ្លៃអគ្គិសនីហើយចាប់ពីខែតុលា ដល់ធ្នូ ឆ្នាំ២០២៣ ខណៈដែលវិស័យទេសចរណ៍វិញនឹងត្រូវអនុវត្តការបញ្ចុះថ្លៃអគ្គិសនីបីខែដូចគ្នាគឺខែធ្នូឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ឯកឧត្តមបន្តថា ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យទេសចរណ៍នេះ គឺអនុវត្តនៅទូទាំងប្រទេស សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋានទេសចរណ៍ និងភោជនីយដ្ឋានជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការអនុវត្តនេះ បានត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ មិនអាចបញ្ចុះតម្លៃរហូតបានទេ ព្រោះវាអាចនាំឱ្យអគ្គិសនីដួលរលំបាន។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ៖ «ឆ្នាំនេះអគ្គិសនីកម្ពុជាត្រៀមខាត១៣០លានដុល្លារ (ត្រៀមធ្វើការឧបត្ថម្ភធន) ដើម្បីជួយទប់។ ឧទាហរណ៍ថា បើយើងធ្វើលើសពីនេះ អគ្គិសនីកម្ពុជា(EDC) រលាយតែម្តង។ ដូច្នេះយើងនៅតែបន្តចុះថ្លៃ ប៉ុន្តែចុះដោយទទួលខុសត្រូវ ដើម្បីធានាថា ការចុះថ្លៃនេះវាមិនឱ្យយើងរលាយ»។
ចំពោះការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យទេសចរណ៍នេះដែរលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងដែរថា វាបានជួយលើកទឹកចិត្តបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់សេវាទេសចរណ៍ ដែលអាចឱ្យប្រតិបត្តិករទេសចរណ៍គិតគូរដល់បញ្ចុះតម្លៃសេវាកម្មរបស់ខ្លួន ដែលជាផ្នែកមួយនៃការទាក់ទាញទេសចរមកកម្សាន្ត។
ទោះជាយ៉ាងណាក៏ដោយ លោក ហូ វណ្ឌី យល់ឃើញថា រាជរដ្ឋាភិបាលបានជួយគាំទ្រ និងលើកចិត្តដល់វិស័យទេសចរណ៍ដូចជា ការទម្លាក់ថវិកាសម្រាប់ហិរញ្ញប្បទាន, ការអនុគ្រោះពន្ធមួយចំនួន រួមនឹងការបញ្ចុះថ្លៃអគ្គិសនីនេះជាដើម វានឹងគ្មានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងបញ្ហាទេ បើសិនជាវិស័យឯកជននៅព្រងើយកន្តើយ ចំពោះការពង្រឹងខ្លួនឯងឡើងវិញក្រោយវិបត្តិនានា។
លោកបានប្រាប់បែបនេះថា ៖ «ខាងវិស័យឯកជនយើង សូមមេត្តាគិតគូររៀបចំផែនការ និងយុទ្ធសាស្រ្ត ក្នុងការស្តារ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឡើងវិញ កុំលង់លក់នឹងវិបត្តិដែលបានកើតមាន និងត្រូវរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ»។
ចំណែកលោកស្រី កែវ មុំ ប្រធានសមាគសហគ្រិនស្រ្តីកម្ពុជា ក៏បានប្រាប់ដែរថា សហគ្រាសធុនតូចនិងមធ្យម ពិតជាត្រូវការការជួយជ្រោមជ្រែងបន្ថែមពីរាជរដ្ឋាភិបាល លើការអន្តរាគមន៍តម្លៃអគ្គិសនីនេះ។
លោកស្រីបាននិយាយថា ៖ «យើងជឿជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ហើយ ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះ។ ជាធម្មតា SME តែងតែចង់បានតម្លៃអគ្គិសនីថោក ប៉ុន្តែយើងក៏គិតគូរដែរដល់ស្ថិរភាពនៃចំណូលរបស់រដ្ឋ ព្រោះថា ឯកជន និងរដ្ឋជាដៃគូ ដែលមិនអាចខ្វះបាន»។
បើតាមឯកឧត្តម កែវ រតនៈ នៅក្នុងរយៈពេលជិតបីខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅក្នុងវិស័យរ៉ែ និងថាមពល កំពុងតែបន្តបំពេញតាមការសន្យាមុនការបោះឆ្នោត គឺផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់, ប្តេជ្ញាមិនដំឡើងថ្លៃអគ្គិសនី និងបន្តបញ្ចុះថ្លៃអគ្គិសនី នៅកម្រិតមួយដែលពលរដ្ឋ វិស័យឯកជន និងរដ្ឋ ព្រមៀព្រៀងគ្នាទទួលយកបាន។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីដដែលនេះ បានសំណូមពរឱ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី ដោយភាពសន្សំសំចៃផងដែរ ហើយនាពេលខាងមុខនេះ ក្រសួងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធ មិនអនុញ្ញាតឱ្យមានការនាំចូលនូវសម្ភារអគ្គិសនីណា ដែលត្រូវប្រើថាមពលអគ្គិសនីច្រើន ពោលគឺនឹងអនុញ្ញាតឱ្យនាំចូលតែសម្ភារអគ្គិសនីណា ដែលមានមុខងារសន្សំសំចៃអគ្គិសនីបានច្រើនបំផុត។
សូមជម្រាបថា កាលពីឆ្នាំ២០២២ រដ្ឋាភិបាលអាណត្តិទី៦បានចេញការខាតបង់ជាលើកដំបូងរបស់អគ្កិសនីកម្ពុជាក្នុងទំហំទឹកប្រាក់១០០លានដុល្លារ ដែលការអន្តរាគមន៍នេះត្រូវបានរដ្ឋាភិបាលបញ្ជាក់ថា គឺផ្តើមចេញពីវិបត្តិសកល និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចពិភពលោកលើប្រទេសរុស្សីផងដែរ៕ ដោយ៖ វណ្ណ សុជាតា