រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យពលរដ្ឋយកចិត្តទុកដាក់លើរបបអាហារ ដើម្បីបង្ការជំងឺទឹកនោមផ្អែម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ខណៈជំងឺទឹកនោមផ្អែមកំពុងក្លាយជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយនៅប្រទេសកម្ពុជា។
ឯកឧត្តមបានលើកឡើងដូចនេះនាទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលធ្វើឡើងក្រោមប្រធានបទ «ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម» រៀបចំឡើងដោយក្រសួងសុខាភិបាល រួមសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាទិវានោះ ឯកឧត្តម ឈាង រ៉ា បានថ្លែងថា ជំងឺទឹកនោមផ្អែម នៅកម្ពុជា គឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គល គ្រួសារ និងប្រព័ន្ធសុខាភិបាល។ឯកឧត្តមបានបន្តថា ជំងឺទឹកនោមផ្អែមអាចបង្កផលវិបាកដូចជា ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ពិការភ្នែក ខ្សោយតម្រងនោម និងពិការអវៈយវៈជាដើម។
ឯកឧត្តមមានប្រសាសន៍ថា ៖ «កត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមចម្បង គឺបណ្តាលមកពីទម្លាប់នៃការទទួលទានអាហារមិនល្អសម្រាប់ការទ្រទ្រង់សុខភាពនិងទម្លាប់មិនបានបញ្ចេញពលកម្មឬធ្វើលំហាត់ប្រាណគ្រប់គ្រាន់ជាប់ជាប្រចាំ»។
ក្រៅពីនេះឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ត្រូវ ជំរុញលើកទឹកចិត្ត និងអប់រំដល់អ្នកជំងឺទឹកនោមផ្អែម ខណៈលោកក៏ជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញាប់ទៅពិនិត្យមើលជាតិស្ករនៅក្នុងឈាម ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលាផងដែរ។
ជុំវិញរឿងនេះ លោក ហ៊ូ ក្រើន នាយកអង្គការហេឡេន ខេល័រ (Helen Keller) ប្រចាំកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកដោយសារប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានយល់ដឹងពីរបបអាហារត្រឹមត្រូវ និងចាប់អារម្មណ៍ពីគ្រោះថា្នក់នៃជំងឺនេះនៅឡើយ។
លោកបានប្រាប់ឱ្យដឹងថា ៖ «បញ្ហាជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យជួបផលលំបាកសុខភាពប៉ុណ្ណោះទេ បញ្ហានេះក៏កំពុងជះឥទ្ធិពលខ្លាំងដល់និរន្តរភាពសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយជំងឺទឹកនោមផ្អែមនេះ អាចបង្កឡើងតាមរយៈការមានរបបអាហារមិនល្អចំពោះសុខភាព ធាត់លើសទម្ងន់ និងការមិនសូវបញ្ចេញកម្លាំងពលកម្មជាដើម»។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភរូបនេះ ក៏បានជំរុញដល់ពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ពិសេសលើរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា នៅទូទាំងពិភពលោកជំងឺទឹកនោមផ្អែម គឺជាមូលហេតុផ្ទាល់មួយនៃការស្លាប់ដែលមានចំនួន១,៥លាននាក់។ក្នុងនោះចំពោះអ្នកដែលមានអាយុក្រោម៧០ឆ្នាំ ក្នុងអត្រាស្លាប់ចំនួន ៤៨ភាគរយនាឆ្នាំ២០១៩។
បើផ្អែកតាមការអង្កេតពីកត្តាហានិភ័យនៃជំងឺមិនឆ្លងនៅប្រទេសកម្ពុជាឆ្នាំ២០១៦ ដែលបង្ហាញដោយក្រសួងសុខាភិបាល បានឱ្យដឹងថា នៅប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែមមានអត្រាមរណភាព២ភាគរយក្នុងចំណោមករណីស្លាប់ទាំងអស់។
ចំណែកអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅកម្ពុជាវិញ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បានរកឃើញថា អ្នកមានជំងឺទឹកនោមផ្អែម២២នាក់ស្លាប់ក្នុងមួយថ្ងៃ គិតក្នុងឆ្នាំ២០១៩។ បើនិយាយដល់ការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម ស្ថាប័នអន្តរជាតិនេះ បានរកឃើញថាអ្នកជំងឺម្នាក់ចំណាយប្រហែល ២៣៨ ដុល្លារក្នុងមួយឆ្នាំ ឬបើនិយាយពីការចំណាយលើថ្លៃព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ជាសរុបក្នុងឆ្នាំ២០១៩ មានប្រហែល១០២លានដុល្លារ។ ស្ថាប័នមួយនេះ ក៏បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់១៤៥,៩លានដុល្លារផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន