មន្រ្តីយោធាចិន អរគុណកម្ពុជាដែលបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» ដែលនឹងវេញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន លោក វ៉ាង ស៊ីវពីន បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមសមយុទ្ធពហុសាសន៍ពីបណ្តាប្រទេសអាស៊ាន ដែលបានរៀបចំដោយប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននឹងបន្តរឹងមាំនិងស៊ីជម្រៅថែមទៀត។

ការថ្លែងអំណរគុណពីមន្រ្តីយោធាចិននេះ ធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសមរវាងលោក វ៉ាង ស៊ីវពីន និងភាគីកម្ពុជានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីសៀលថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នាប្រទេសចិនបន្ទាប់ពីពិធីបិទសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣»។នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានប្រកាសតាមរយៈហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់សមភាគីចិនថា ការចូលរួមពិធីបិទសមយុទ្ធពហុសាសន៍នេះ គឺដើម្បីជួយពង្រឹងទំនាក់ទំនងល្អជាប្រពៃណីនិងប្រវត្តិសាស្ត្ររវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចខិតខំរបស់កងកម្លាំងនៃបណ្តាប្រទេសនានាចូលរួមក្នុងសមយុទ្ធនេះឱ្យបានជោគជ័យ ដែលជាចំណែកគាំទ្រស្ថិរភាព និងសន្តិភាពតំបន់។

តាមរយៈប្រភពដដែល លោក វ៉ាង ស៊ីវពីន ក៏បានថ្លែងអំណរគុណដល់សមភាគីកម្ពុជាដែលបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទមកចូលរួមសមយុទ្ធយោធាដែលរៀបចំដោយចិននេះ ដែលសបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់កម្ពុជាចំពោះកងទ័ពរំដោះប្រជាជនចិន និងសម្រាប់តំបន់ភូមិភាគខាងត្បូងផងដែរ។

មេបញ្ជាការចិនបានបន្ថែមថា ៖ «កម្ពុជា និងចិននឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣» នាប្រទេសចិនរយៈពេល ១០ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួនផ្សេងទៀតរួមមាន៖ ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភារវកម្ម និងការថែរក្សាសន្តិសុខលំហសមុទ្រ»។

ពាក់ព័ន្ធនឹងបញ្ហានេះបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការថ្លែងអរគុណពីមេដឹកនាំយោធាចិន និងការលើកឡើងជាវិជ្ជមានរបស់មេដឹកនាំយោធាកម្ពុជាក្នុងជំនួបនេះ បង្ហាញពីការប្តេជ្ញាចិត្តជាសុឆន្ទៈរៀងៗខ្លួនក្នុងការពង្រឹងចំណងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ វិច្ឆិកាថា សម្រាប់សមយុទ្ធយោធាពហុសាសន៍នេះវិញ កម្ពុជាបានបង្ហាញគោលការណ៍ពហុភាគីនិយម ខណៈសមយុទ្ធនេះមិនមែនធ្វើឡើងតែពីចិន និងកម្ពុជាឡើយ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងការគាំទ្រពីអង្គការសហប្រជាជាតិផង។

លោកបានថ្លែងថា ៖ «ក្នុងបញ្ហាសន្តិសុខ និងការពារជាតិនេះ មានរឿងច្រើនដែលទាមទារក្របខណ្ឌកិច្ចសហហប្រិបត្តិការពហុភាគីពីបណ្តាប្រទេសទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក។ កន្លងមកកម្ពុជា និងចិនបានចូលរួមក្នុងរង្វង់ឯកសារមួយចំនួនដែលធានាដល់សន្តិសុខតំបន់ និងពិភពលោកដែលជាកង្វល់រួម ទាំងសន្តិសុខប្រពៃណី និងមិនប្រពៃណី»។

លោក គិន ភា បានសង្កត់ធ្ងន់ថា សមយុទ្ធយោធាពហុសាសន៍ដែលរៀបចំដោយចិននេះ បានបង្ហាញពីការប្តេជ្ញាចិត្តរៀងៗរបស់បណ្តាប្រទេសដែលបានចូលរួម ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិផ្នែកសន្តិសុខ ហើយសមយុទ្ធនេះក៏បានចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជាចំណែកជំរុញចរន្តពហុភាគីនិយមផងដែរ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner