ប្រជាពលរដ្ឋ Gaza ជួសជុលកង់ចាស់ៗ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ
ហ្គាហ្សា៖ ប្រជាជនរស់នៅតំបន់ហ្គាហ្សា ដែលកំពុងរងការវាយប្រហារពីសំណាក់អ៊ីស្រាអែល បាននាំគ្នាជួសជុលកង់ចាស់ៗ ដើម្បីយកមកប្រើប្រាស់ ចំពេលខ្វះខាតប្រេងឥន្ទនៈ។
ប្រជាជនប៉ាឡេស្ទីន ដែលរស់នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ ហ្គាហ្សា ត្រូវបានគេឃើញ កំពុងជួសជុលកង់ចាស់ៗរបស់ពួកគេ ដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូន។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-22_14-54-36-1024x635.jpg)
ការធ្វើបែបនេះ ស្របពេលដែលមានកង្វះខាតប្រេងឥន្ធនៈ សម្រាប់ម៉ូតូ និងរថយន្ត ជាដើម ព្រោះតែការឡោមព័ទ្ធតំបន់ហ្គាហ្សាពីយោធាអ៊ីស្រាអែល ហើយក៏ចំពេលដែលសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តកើនឡើង។
យ៉ាងណាមិញ កាលពីចុងសប្តាហ៍ ការបញ្ជូនឥន្ធនៈលើកដំបូងបានចូលទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការអន្តរាគមន៍ខ្លាំង ពីសហរដ្ឋអាមេរិកលើអ៊ីស្រាអែល ដែលអនុញ្ញាតឱ្យទំនាក់ទំនងឡើងវិញ នៅក្នុងទឹកដីហ្គាហ្សា។
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-22_14-54-35.jpg)
មន្ត្រីអាមេរិកបាននិយាយថា តាមកិច្ចព្រមព្រៀង ប្រេងឥន្ធនៈ ៣៧០០០លីត្រត្រូវបានអនុញ្ញាតឲ្យចូល ក្នុងរយៈពេល ៤៨ម៉ោង ដែលក្នុងនោះ ២០០០០ លីត្រ នឹងត្រូវបានផ្តល់ជូនសម្រាប់ម៉ាស៊ីនភ្លើង ដើម្បីស្តារបណ្តាញទូរស័ព្ទឡើងវិញ៕
![](https://asset.ams.com.kh/central/media/2023/11/photo_2023-11-22_14-54-35-2-1024x688.jpg)
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត